ស្ថាបនិក និងជានាយកប្រតិបត្តិកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវតុលាការក្រុងប៉ារីសអនុញ្ញាតឱ្យចេញក្រៅឃុំវិញហើយ ដោយដាក់ប្រាក់ធានាចំនួន ៥លានអឺរ៉ូ ប្រមាណជា ៥.៥៦ លានដុល្លារអាមេរិក។ នេះបើតាមសារព័ត៌មាន Aljazeera ។
បើទោះត្រូវបានដាក់ប្រាក់ដើម្បីនៅក្រៅឃុំ លោក Durov ត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឱ្យចេញពីទឹកដីបារាំងឡើយ និងត្រូវរាយការណ៍ទៅប៉ូលីសបារាំង ពីរដងក្នុងមួយសប្តាហ៍។
ព្រះរាជអាជ្ញាទីក្រុងប៉ារីសលោក Laure Beccuau និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចៅក្រមស៊ើបអង្កេតបានរកឃើញថាមានហេតុផលដើម្បីស៊ើបអង្កេតលោក Durov ជាផ្លូវការលើការចោទប្រកាន់ទាំងអស់ដែលលោកត្រូវបានចាប់ខ្លួនដំបូង។
ការចោទប្រកាន់រួមមានការសង្ស័យថា Telegram អនុញ្ញាតឱ្យមានប្រតិបត្តិការខុសច្បាប់ រូបភាពនៃការរំលោភបំពានផ្លូវភេទលើកុមារ ការជួញដូរគ្រឿងញៀន និងការក្លែងបន្លំ ក៏ដូចជាការបដិសេធមិនផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរ ការលាងលុយកខ្វក់ និងការផ្តល់សេវាកូដនីយកម្ម គឺជាការបម្លែងសារឲ្យទៅជាទម្រង់កូដដល់ឧក្រិដ្ឋជន។
Beccuau បាននិយាយថា ស្ទើរតែទាំងស្រុងដែលមិនមានការឆ្លើយតបរបស់ Telegram ទៅនឹងសំណើរបស់អាជ្ញាធរសម្រាប់កិច្ចសហប្រតិបត្តិការក្នុងសំណុំរឿងព្រហ្មទណ្ឌ បាននាំឱ្យអង្គភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបើកការស៊ើបអង្កេតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖ សារ៉ាយ រូបភាព៖