ក្រុមហ៊ុន Ford ដែលជោគជ័យកើបប្រាក់ចំណេញអស់ជាច្រើនទស្សវត្សរ៍មកហើយក្នុងការផលិតរថយន្ត Pickup និងរថយន្ត SUV នៅសហរដ្ឋអាមេរិក បង្ហាញផែនការលើផ្លូវថ្មីរបស់ខ្លួនផលិតរថយន្តអគ្គិសនីដំបូងដោយដាក់លក់ក្នុងតម្លៃសមរម្យ។
ផែនការថ្មីនេះគឺជា “គោលនយោបាយធានារ៉ាប់រង” ដើម្បីអាចពង្រីកម៉ូដែល Pickup ដ៏ពេញនិយមរបស់ខ្លួន និងបង្កើតរថយន្តអគ្គិសនី EV ដែលមានតម្លៃសមរម្យជាងមុន ដែលខ្លួនជឿជាក់ថានឹងផ្តល់នូវរថយន្តអគ្គិសនីមានប្រសិទ្ធភាព និងចំណេញច្រើនសម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគ។ នេះបើយោងតាមលោក Marin Gjaja នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford ។
លោក Marin Gjaja បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃព្រហស្បតិ៍ថា “យើងពិតជាជឿជាក់ណាស់ថាអត្រាទទួលយកខ្ពស់បំផុតសម្រាប់រថយន្តអគ្គិសនី EV ដែលនឹងមានតម្លៃសមរម្យ ។ យើងត្រូវតែសាកល្បងដើម្បីប្រកួតប្រជែង”។ ការលើកឡើងរបស់លោក Gjaja កើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនប្រកាសអំពីការបង្កើនយុទ្ធសាស្ត្រផលិតរថយន្តប្រភេទ EV របស់ខ្លួនដែលនឹងត្រូវចំណាយរហូតដល់ ១.៩ ពាន់លានដុល្លារ។
ផែនការថ្មីរបស់ក្រុមហ៊ុន Ford នៅអាមេរិកខាងជើង គឺលុបចោលរថយន្តប្រភេទ SUV និងពន្យារពេលផលិតរថយន្តភីកអាប់ “T3” ជំនាន់ក្រោយរបស់ខ្លួនប្រហែល ១៨ខែរហូតដល់ចុងឆ្នាំ២០២៧។ ជំនួសឱ្យរថយន្ត SUV ឬរថយន្តភីកអាប់ធំ រថយន្ត EV ថ្មីដំបូងរបស់ក្រុមហ៊ុនត្រូវបានគេរំពឹងថា ការផលិតចាប់ផ្តើមនៅឆ្នាំ២០២៦ នៅឆ្នាំបន្ទាប់រថយន្តភីកអាប់ខ្នាតមធ្យម ហើយបន្ទាប់មករថយន្តភីកអាប់ទំហំពេញ T3 ។
រថយន្ត EVs បច្ចុប្បន្នរបស់ក្រុមហ៊ុន Ford – ប្រភេទ Crossover Mustang Mach-E, F-150 Lightning និងរថយន្តភីបអាប់ មិនមានផលចំណេញជារួមទេ។ ប្រតិបត្តិការ Model e បានខាតបង់ជិត ២.៥ពាន់លានដុល្លារក្នុងកំឡុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ ហើយបានបាត់បង់អស់ ៤.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣កន្លងទៅ។
ការខាតបង់ ក៏ដូចជាការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងផែនការអាជីវកម្មបានបណ្តាលឱ្យក្រុមហ៊ុន Ford នៅដើមឆ្នាំនេះដកប្រាក់ចំណេញ ៨% សម្រាប់មហិច្ឆតានៃការផលិតរថយន្ត EV របស់ខ្លួននៅឆ្នាំ២០២៦៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Ford