តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៉ើបសួរ លោក គុយ វ៉ាត ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ក្រោយការឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហាកន្លង។ នេះបើតាមអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់កាសែតក្នុងស្រុក។
លោក គុយ វ៉ាត ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដែលជាប់ពាក់ព័ន្ធបទល្មើសចេញសែកអត់សាច់ប្រាក់ និងបទឆបោកប្រាក់ផ្សេងៗទៀតខ្ទង់ ៤០០លានដុល្លារអាមេរិក។
លោក គុយ វ៉ាត ជាម្ចាស់ហាង Park Coffee ព្រមទាំងមានបុត្រសម្ព័ន្ធក្រុមហ៊ុនជាច្រើនក្នុងដៃ ហើយក្នុងនោះលោកធ្លាប់ជាអតីតអគ្គនាយកក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC)។ ការចាប់ខ្លួនលោក គុយ វ៉ាត កើតឡើង ក្រោយមានអ្នកបណ្តាក់ទុនមួយចំនួនក្នុងក្រុមហ៊ុន CIC បានឱ្យដឹងពីការខាតបង់ប្រាក់ជាច្រើនលានដុល្លារនៅក្នុងក្រុមហ៊ុននោះ។
មុនការចាប់ខ្លួនលោក គុយ វ៉ាត ក្រុមហ៊ុន CIC បានអំពាវនាវឱ្យវិនិយោគិនចូលរួមក្នុងយន្តការដោះស្រាយពាក់ព័ន្ធលុយជាង ១០០ លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនកំពុងតែវេចខ្ចប់ទ្រព្យដើម្បីដោះស្រាយជូនទៅអ្នកវិនិយោគវិញ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២៤៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម