មហាសេដ្ឋីលំដាប់ជួរមុខ គិត ម៉េង ថៅកែក្រុមហ៊ុន Royal Group បរិច្ចាគថវិកា១លានដុល្លារដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ប្រកាសចូលរួមបរិច្ចាគរបស់សេដ្ឋី គិត គិត និងសេដ្ឋីនី ម៉ៅ ចំណាន ធ្វើឡើងតបតាមការប្រកាសរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
លោកសេដ្ឋី គិត ម៉េង ជានិច្ចកាលតែងតែចូលរួមបរិច្ចាគជាមួយរាជរដ្ឋាភិបាលតបតាមការអំពាវនារបស់ប្រមុខដឹកនាំ និងចូលរួមក្នុងការងារសង្គមកិច្ច អប់រំ និងសុខាភិបាលជាដើម៕