លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការផ្តល់ថវិកាចំនួន ៥០០ពាន់លានបាត ដែលស្មើនឹង ១៤.៥ពាន់លានដុល្លាររបស់គណបក្សកាន់អំណាច គឺត្រូវការជាចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ថៃដែលកំពុងបន្តការធ្លាក់ចុះ។
ទោះបីជាលោកមិនមានតួនាទីផ្លូវការក្នុងរដ្ឋាភិបាលក៏ដោយ ប៉ុន្តែលោក ថាក់ស៊ីន គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងនយោបាយថៃ ហើយត្រូវបានគេមើលឃើញថាជាអ្នករៀបចំតំណែងនាយករដ្ឋមន្ត្រីឲ្យកូនស្រីអាយុ ៣៧ឆ្នាំរបស់លោក គឺលោកស្រី Paetongtarn Shinawatra ។
មេដឹកនាំគណបក្សភឿថៃ ដែលមានប្រជាប្រិយភាពលោកស្រី Paetongtarn ត្រូវបានបោះឆ្នោតជ្រើសរើសកាលពីថ្ងៃសុក្រសប្តាហ៍មុនជំនួសលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបណ្តេញចេញដោយដីកាតុលាការ។
លោក ថាក់ស៊ីន បាននិយាយក្នុងវេទិកាមួយនៅរាជធានីបាងកក ថា៖ “យើងត្រូវជំរុញសេដ្ឋកិច្ច ខណៈដែលប្រទេសរបស់យើងបានរីកចម្រើនយឺតៗ អស់រយៈពេលជាយូរមកហើយ”។ ក្នុងវេទិកានោះលោកបានបង្ហាញពីអត្ថប្រយោជន៍នៃគម្រោងចែកចាយកាបូបឌីជីថល ដែលជាការសន្យាក្នុងយុទ្ធនាការដ៏សំខាន់សម្រាប់គណបក្សរបស់លោកនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។
គម្រោងចែកចាយ “កាបូបឌីជីថល” ដែលនឹងធ្វើឱ្យប្រជាជនថៃប្រហែល ៥០លាននាក់ទទួលបានឥណទាន ១០,០០០ បាតតាមរយៈកម្មវិធីស្មាតហ្វូនដើម្បីចំណាយក្នុងស្រុករយៈពេល ៦ខែនោះ ត្រូវបានគេគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅត្រីមាសទី៤ ក្រោមការដឹកនាំរបស់លោក សេដ្ឋា។ យ៉ាងណាក៏ដោយ ការចាកចេញរបស់លោក សេដ្ឋា បានបង្កការសង្ស័យខ្លះថា តើវានៅតែបន្តដំណើរទៅមុខទៀត ឬយ៉ាងណា។
ការកត់សម្គាល់របស់លោក ថាក់ស៊ីន កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា លោកស្រី Paetongtarn ទំនងជានឹងបន្តផែនការនេះ ដែលកើតឡើងក្រោមការរិះគន់ពីអ្នកជំនាញសេដ្ឋកិច្ច និងធនាគារកណ្តាលរបស់ប្រទេសថៃ។
អតីតនាយករដ្ឋមន្ត្រីដែលបានចំណាយពេល ១៥ឆ្នាំក្នុងការនិរទេសខ្លួនឯង មុនពេលវិលត្រឡប់ទៅកាន់ប្រទេសថៃវិញកាលពីឆ្នាំមុន លោក ថាក់ស៊ីន បាននិយាយថា រដ្ឋាភិបាលរបស់កូនស្រីរបស់លោកនឹងអាចដោះស្រាយជាមួយនឹងបញ្ហាប្រឈមដែលរារាំងដល់កំណើនសេដ្ឋកិច្ច។ លោកនិយាយថា រដ្ឋាភិបាលកំពុងពិចារណាប្រើប្រាស់ថវិកាចំនួន ១៤៥ពាន់លានបាតពីថវិកាសារពើពន្ធឆ្នាំ២០២៤ ដើម្បីផ្តល់ឧបត្ថម្ភធនដល់ប្រជាជនចំនួន ១៤.៥លាននាក់នៅក្នុងខែកញ្ញាជាមួយនឹងការផ្តល់បន្ថែមដែលចាប់ផ្តើមពីខែតុលា។
បើតាមអតីតនាយករដ្ឋមន្រ្តីរូបនេះ វានឹងជួយជំរុញសេដ្ឋកិច្ចរបស់ថៃភ្លាមៗ នៅក្នុងខែកញ្ញា ខណៈដែលសេដ្ឋកិច្ចថៃបានកើនឡើង ២.៣% នៅក្នុងត្រីមាសទី២ ពោលចាប់ពីខែមេសា ដល់ខែមិថុនា បើធៀបនឹងឆ្នាំមុន។
ទន្ទឹមនឹងនោះ លោកបានគូសបញ្ជាក់អំពីបញ្ហាបន្ទាន់ក្នុងការដោះស្រាយបំណុលគ្រួសារកំពុងកើនឡើងដែលមានចំនួន ១៦.៤ ពាន់ពាន់លានបាត ឬស្មើនឹង ៩០.៨% នៃផលិតផលក្នុងស្រុកសរុប GDP នៅចុងខែមីនា ក្នុងចំណោមប្រទេសនៅអាស៊ី។ លោកបាននិយាយថា “យើងត្រូវរៀបចំរចនាសម្ព័ន្ធបំណុលគ្រួសារឡើងវិញ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុនឹងត្រូវពិភាក្សាជាមួយធនាគារទាំងអស់ដើម្បីដោះស្រាយបញ្ហានេះ” ។
បន្ថែមទៀតនោះលោក ថាក់ស៊ីន ថា ប្រទេសថៃចាំបាច់ត្រូវធ្វើកំណែទម្រង់វិស័យកសិកម្មរបស់ខ្លួនឱ្យកាន់តែមានភាពប្រកួតប្រជែង និងជំរុញប្រាក់ចំណូល ព្រមទាំងសមត្ថភាពក្នុងវិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើន រួមទាំងការពង្រីកអាកាសយានដ្ឋានសំខាន់នៅទីក្រុងបាងកកផងដែរ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP