ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីថ្ងៃពុធ ដោយសាទរទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងកើនឡើង ខណៈដែលទីក្រុងមូស្គូកាន់តែពឹងផ្អែកកាន់តែខ្លាំងលើទីក្រុងប៉េកាំងសម្រាប់ការគាំទ្រផ្នែកនយោបាយ និងសេដ្ឋកិច្ច។
សារព័ត៌មាន AP បានចុះផ្សាយថា លោក ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំនៅវិមានក្រឹមឡាំងថា “ទំនាក់ទំនងពាណិជ្ជកម្មរបស់យើងកំពុងអភិវឌ្ឍ ហើយអភិវឌ្ឍដោយជោគជ័យ… ការយកចិត្តទុកដាក់ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់លើទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកំពុងតែផ្តល់លទ្ធផលដល់ភាគីទាំងពីរ”។
លោកក៏បាននិយាយផងដែរថា រុស្ស៊ី និងចិនបានបង្កើតផែនការទ្រង់ទ្រាយធំសម្រាប់គម្រោងសេដ្ឋកិច្ច និងគម្រោងផ្សេងៗទៀត។
លោក លី ឈាង ដែលទើបជួបជាមួយនាយករដ្ឋមន្ត្រីរុស្សុី លោក មីកាលី មីហ្សូស្ទីន (Mikhail Mishustin) បាននិយាយថា “ទំនាក់ទំនងចិន-រុស្ស៊ី ស្ថិតក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក”។ កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីរុស្សុីកំពុងបន្តទប់ស្កាត់ការវៃលុករបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk នាប៉ុន្មានសប្តាហ៍នេះ។
សារព័ត៌មានរុស្ស៊ីមិនបានបញ្ជាក់ថា តើលោកពូទីន និងលោក លី បានពិភាក្សារឿងជម្លោះជាមួយអ៊ុយក្រែនដែរ ឬអត់នោះទេ។ ទោះជាយ៉ាណា ចិនបានព្យាយាមដាក់ខ្លួនស្ថិតក្នុងអព្យាក្រឹតភាពចំពោះជម្លោះអ៊ុយក្រែន ប៉ុន្តែប្រទេសនេះបានគាំទ្ររុស្ស៊ីក្នុងការប្រឆាំងលោកខាងលិច។
បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើការនាំចេញប្រេងរបស់រុស្ស៊ីជាការឆ្លើយតបនឹងរុស្ស៊ីបានបញ្ជូនទាហានទៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចិនបានបង្កើនយ៉ាងខ្លាំងនូវការទិញប្រេងពីរុស្ស៊ី ដោយបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ លោក ពូទីន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រទេសចិន តាមរយៈជំនួបនៅទីក្រុងប៉េកាំងជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ភ្លាមៗ បន្ទាប់ពីត្រូវបានចូលកាន់តំណែងប្រធានាធិបតីអាណត្តិទី៧ នៅក្នុងវិមានក្រឹមឡាំង។
ការិយាល័យវាយតម្លៃស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយពេលកន្លងទៅបង្ហាញថា ប្រទេសចិនបានបង្កើនការផ្គត់ផ្គង់យ៉ាងច្រើនដល់ប្រទេសរុស្ស៊ីនូវឧបករណ៍ម៉ាស៊ីន មីក្រូអេឡិចត្រូនិច និងបច្ចេកវិទ្យាផ្សេងទៀត ដែលទីក្រុងម៉ូស្គូប្រើប្រាស់សម្រាប់ផលិតកាំជ្រួច រថក្រោះ យន្តហោះ និងសព្វាវុធផ្សេងទៀត៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP