អតីតគ្រូបង្រៀនភាសាអង់គ្លេស សេដ្ឋី Jack Ma បានបង្កើតក្រុមហ៊ុន Alibaba Group ក្នុងឆ្នាំ១៩៩៩ ដែលឥឡូវនេះជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតមួយរបស់ពិភពលោក។ យ៉ាងណា នៅប៉ុន្មានឆ្នាំចុងក្រោយនេះសេដ្ឋីចិនរូបនេះហាក់បាត់មុខពីពិភពលោកជំនួញទៅវិញ ខណៈកាលជាង១០ឆ្នាំមុនលោកមានឥទ្ធិពលបំផុតក្នុងប្រទេសចិនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក។
បើនិយាយក្នុងបញ្ជីឈ្មោះអ្នកមានលើពិភពលោក ឈ្មោះសេដ្ឋីចិន Jack Ma ហាក់បានរំកិលខ្លួនធ្លាក់ចូលក្នុងបញ្ជីដោយឈររៀងលេខទី៨១ របស់ទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ២៥.៥ពាន់លានដុល្លារអាមេរិក (25.5B) ខណៈបញ្ជីអ្នកមានបំផុតក្នុងស្រុកចិនគឺលោក Ma ឈរក្នុងលេខរៀងទី៧ប៉ុណ្ណោះ ស្របពេលកាលជាង១០ឆ្នាំមុនលោកឈរលើតារាងកំពូលប្រចាំប្រទេសចិន។
មានអាយុ ៥៩ឆ្នាំអតីតមហាសេដ្ឋីមានបំផុតរូបនេះ បានលាលែងពីតំណែងជាប្រធានប្រតិបត្តិរបស់ Alibaba ក្នុងឆ្នាំ២០១៩ ហើយបានចាកចេញពីប្រទេសចិនទៅរស់នៅក្រៅប្រទេសវិញម្តង ហើយក្រោយមកលោក Ma បានត្រឡប់ទៅប្រទេសចិនវិញក្នុងខែមីនា ឆ្នាំ២០២៣។
លោក Jack Ma គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន។ អាជីវកម្មដែលមានមូលដ្ឋាននៅទីក្រុង Hangzhou ដំណើរការលើគេហទំព័រ Taobao ដែលជាគេហទំព័រទិញទំនិញអនឡាញ និង Tmall ដែលជាក្រុមហ៊ុនសម្របសម្រួលហាងអនឡាញ។ ក្រុមហ៊ុននេះមានប្រាក់ចំណូល ៩៤១ពាន់លានយន់ ស្មើនឹង ១៣១ពាន់លានដុល្លារ ត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៤ ។ លើសពីនេះ លោក Ma ក៏មានភាគហ៊ុននៅក្នុងសេវាកម្មទូទាត់តាមអ៊ីនធឺណិត Ant Group ផងដែរ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Forbes