កាលពីថ្ងៃច័ន្ទលោក Donald Trump បានលើកឡើងថា បើជាប់ឆ្នោតលោកនឹងពិចារណាតែងតាំង Elon Musk ទៅក្នុងគណៈរដ្ឋមន្រ្តី ឬតួនាទីជាទីប្រឹក្សានៅក្នុងរដ្ឋបាលរបស់លោក។
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Trump បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Reuters បន្ទាប់ពីព្រឹត្តិការណ៍យុទ្ធនាការមួយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃចន្ទ។
លោក Trump បាននិយាយយ៉ាងច្បាស់ថា “គាត់ (Musk) ជាមនុស្សឆ្លាតណាស់។ ខ្ញុំប្រាកដជានឹងធ្វើ ប្រសិនបើគាត់នឹងធ្វើវា ខ្ញុំនឹងប្រាកដណាស់។ គាត់គឺជាមនុស្សពូកែម្នាក់”។
លោក Musk ដែលកាលពីខែមុនបានប្រកាសគាំទ្រជាសាធារណៈនូវលោក Trump សម្រាប់តំណែងប្រធានាធិបតី មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីថា តើលោកនឹងទទួលយកការផ្តល់ជូនបែបនេះទេ។ ទោះយ៉ាងណា ការប្រកាសរបស់លោកនៅលើបណ្តាញសង្គម X បានធ្វើឱ្យមានការរំពឹងទុកអំពីការចូលរួមរបស់លោកប្រកបដោយសក្តានុពលនៅក្នុងរដ្ឋបាល Trump នាពេលអនាគត។ លោកបានសរសេរថា “ខ្ញុំសុខចិត្តបម្រើ”។
លោក Musk បានលាតត្រដាងថា លោកបានបោះឆ្នោតឲ្យបេក្ខជនគណបក្សប្រជាធិបតេយ្យ លោក Joe Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពី ៤ឆ្នាំមុន ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់លោកចំពោះលោក Trump ភ្លាមៗ បន្ទាប់ពីអតីតប្រធានាធិបតីបានរួចផុតពីការប៉ុនប៉ងធ្វើឃាតនៅឯការប្រមូលផ្តុំយុទ្ធនាការមួយកាលពីខែកក្កដា។
អ្នកទាំងពីរកាន់តែមានភាពស្និទ្ធស្នាលគ្នាតាំងពីពេលនោះមក ដោយ Trump តែងតែលើកឡើងអំពី Musk ក្នុងអំឡុងពេលយុទ្ធនាការរបស់លោក៕
អត្ថបទ៖ សារ៉ាយ រូបភាព