យោងតាមទូរទស្សន៍រដ្ឋចិន CCTV បានឱ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping ជួបប្រធានាធិបតីវៀតណាម លោក To Lam នៅទីក្រុងប៉េកាំង នាថ្ងៃច័ន្ទនេះ ដើម្បីព្យាយាមបន្តទំនាក់ទំនងរបស់ពួកគេឡើងវិញ បន្ទាប់ពីមរណភាពរបស់លោក Nguyen Phu Trong ក្នុងអាយុ ៨០ឆ្នាំ កាលពីខែឧសភា។
លោក Xi បានប្រាប់លោក Lam ថា ភាគីទាំងពីរបានកសាងទំនាក់ទំនងទ្វេភាគីដែលមានសារៈសំខាន់ជាយុទ្ធសាស្រ្ត ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបង្ហាញក្តីសង្ឃឹមថា មេដឹកនាំថ្មីនឹងបន្តកេរ្តិ៍ដំណែលរបស់លោក Nguyen Phu Trong។
លោក Xi បានបន្តថា “ខ្ញុំមានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងល្អ និងមិត្តភាពផ្ទាល់ខ្លួនជាមួយអ្នក (Lam) ហើយរួមគ្នាដឹកនាំការបង្កើតសហគមន៍ចិន-វៀតណាម អនាគតរួមគ្នា ជាមួយនឹងវឌ្ឍនភាពកាន់តែស៊ីជម្រៅ និងរឹងមាំ”។
ថ្វីបើមានជម្លោះដែនសមុទ្រកំពុងពុះកញ្ជ្រោលនៅសមុទ្រចិនខាងត្បូង ដែលជាកន្លែងប្រទេសទាំងពីរចូលរួមក្នុងការទាមទារយកដែនដីឡើងវិញក៏ដោយ សារព័ត៌មាន Global Times របស់បក្សកុម្មុយនិស្តចិនបានសាទរចំពោះដំណើរទស្សនកិច្ចរបស់លោក Lam ថា ជាការបង្ហាញពី “សកម្មភាពជាក់ស្តែង” ដែលអាចធ្វើអោយទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើង។
ភាគីទាំងពីរកាលពីឆ្នាំមុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើននៅពេលដែលលោក Xi បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ដោយគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការដ៏ធំទូលាយមួយដើម្បីពង្រឹងទំនាក់ទំនងការពារជាតិ និងបង្កើនពាណិជ្ជកម្ម។ ពួកគេក៏បានពិភាក្សាផងដែរអំពីការពង្រឹងការតភ្ជាប់ផ្លូវដែក និងការសាងសង់ស្ពានថ្មីមួយឆ្លងកាត់ព្រំដែនទៀតផង។
ប្រធានាធិបតីវៀតណាម បានចំណាយពេលថ្ងៃអាទិត្យនៅក្នុងខេត្ត Guangdong ប្រទេសចិន។ រដ្ឋាភិបាលវៀតណាមបាននិយាយថា ដំណើរទស្សនកិច្ចនេះចំថ្ងៃប្រារព្ធខួប ១០០ឆ្នាំបិតាស្ថាបនិក ហូ ជីមិញ ដែលធ្លាប់រស់នៅទីនោះ ក្នុងអំឡុងឆ្នាំដាក់មូលដ្ឋានគ្រឹះបដិវត្តន៍សម្រាប់ការវិលត្រឡប់របស់លោកទៅកាន់ប្រទេសវៀតណាម។
រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបនៃដំណើរទស្សនកិច្ចរបស់លោក To Lam ថា “ប្រវត្តិសាស្រ្តនៃការប្រយុទ្ធគ្នារវាងបដិវត្តន៍រវាងប្រទេសទាំងពីរ វៀតណាម និងចិន គឺជាឧទាហរណ៍ដ៏ភ្លឺស្វាងនៃចលនាតស៊ូបដិវត្តន៍អ្នកបង្កើតពិភពលោក” ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP