ទើបឡើងកាន់តំណែងថ្មីថ្មោង ប្រធានាធិបតីវៀតណាម លោក To Lam បានបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ប្រទេសចិនរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ ខែសីហានេះ។
ទៅដល់ក្រុងប៉េកាំងភ្លាមនាថ្ងៃអាទិត្យនេះលោក To Lam ចាប់ផ្តើមជួបជាមួយនាយករដ្ឋមន្ត្រី Li Qiang ហើយក៏នឹងជួបជាមួយប្រធានាធិបតី Xi Jinping ដែលនឹងបញ្ជាក់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ ទោះបីជាមានជម្លោះលើសមុទ្រចិនខាងត្បូងក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ថា នៅទីក្រុងក្វាងចូវ លោក Lam គ្រោងនឹងទៅទស្សនាទីតាំងដែលអតីតប្រធានាធិបតីហូជីមិញបានធ្វើសកម្មភាពបដិវត្តន៍ក្នុងទសវត្សរ៍ឆ្នាំ១៩២០។
លោក Lam ត្រូវបានជ្រើសរើសជាអគ្គលេខាបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចកាលពីដើមខែសីហានេះ ដែលធ្វើឲ្យលោកក្លាយជាមេដឹកនាំកំពូលនៅក្នុងប្រទេសវៀតណាម។
ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន គឺជាលើកដំបូងបន្ទាប់ពីការចូលកាន់តំណែង ដែលក្រសួងការបរទេសចិនបាននិយាយថា “ឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសារៈសំខាន់ដ៏អស្ចារ្យដែលលោកបានយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេស”៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Vietnam Plus