កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា ត្រូវបានរដ្ឋសភាថៃសម្រេចបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មី ជំនួសលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវដកតំណែងថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយថា លោកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា ទទួលបានសំឡេងគាំទ្រលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុបចំនួន ៤៩៣នាក់ ដែលចាំបាច់ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។
លោកស្រី ផែថោងថាន មានអាយុ ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រថៃ។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីទី២របស់ថៃ បន្ទាប់ពីលោកស្រី យីងឡាក់ ហើយថែមទាំងជានាយករដ្ឋមន្ត្រីទី៤ ដែលមកពីគ្រួសារ ស៊ីណាវ៉ាត្រា បន្ទាប់ពីលោក ថាក់ស៊ីន លោកស្រី យីង ឡាក់ និងលោក សុំឆៃ វង់សាវ៉ាត់ ដែលត្រូវជាពូសាច់ថ្លៃរបស់អ្នកស្រី ផែថោងថាន។
គួរឲ្យដឹងថា តាមសាលក្រមតុលាការធម្មនុញ្ញថៃ លោក សេដ្ឋា ថាវីស៊ីន ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែលោកបានបំពានក្រមសីលធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ The Nation