សេដ្ឋកិច្ចរបស់ថៃត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញនៅឆ្នាំ២០២៤ ដែលគាំទ្រដោយវិស័យឯកជនប្រកបដោយនិរន្តរភាព ក៏ដូចជាការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញទំនិញ។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១.៩ ភាគរយនៅឆ្នាំ២០២៣ ដល់ ២.៤ ភាគរយនៅឆ្នាំ២០២៤។
បើតាមការព្យាករណ៍របស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថានឹងឈានដល់ ២.៨ ភាគរយនៅឆ្នាំ ២០២៥ ដែលគាំទ្រដោយតម្រូវការក្នុងស្រុក និងខាងក្រៅ។ ទស្សនវិស័យនេះត្រូវបានពង្រឹងបន្ថែមទៀតដោយសំណើថវិកាសារពើពន្ធដែលបានកែសម្រួលសម្រាប់ឆ្នាំសារពើពន្ធ២០២៥ និងការពន្លឿនការរំពឹងទុកក្នុងការអនុវត្តថវិកាបន្ទាប់ពីការពន្យារពេលកាលពីដើមឆ្នាំនេះ។
ការវិនិយោគពីវិស័យឯកជន និងទេសចរណ៍នឹងក្លាយជាកត្តាជំរុញដ៏សំខាន់រុញច្រានសេដ្ឋកិច្ចថៃឲ្យមានកំណើនឡើងវិញ ប៉ុន្តែវិស័យទាំងពីរនេះក៏មានសន្ទុះយឺតនៅឡើយ។ ការនាំចេញទំនិញត្រូវបានគេរំពឹងថានឹងស្ទុះងើបឡើងវិញដោយសារតែការធ្វើពាណិជ្ជកម្មសកលដែលអំណោយផល។ វិស័យទេសចរណ៍ត្រូវបានព្យាករណ៍ថា នឹងត្រលប់ទៅរកស្ថានភាពល្អប្រសើរវិញដូចមុនការរាតត្បាតជំងឺកូវីដ១៩ នៅពាក់កណ្តាលឆ្នាំ២០២៥ ដែលកំណត់គាំទ្រដោយសេដ្ឋកិច្ចចិន។
សម្រាប់អតិផរណា ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់កម្រិតទាបក្នុងរង្វង់ ០.៧ ភាគរយនៅឆ្នាំ២០២៤។ ដោយឡែក បំណុលសាធារណៈត្រូវបានព្យាករថា នឹងកើនឡើងដល់ ៦៤.៦ ភាគរយក្នុងឆ្នាំសារពើពន្ធ ២០២៥។ ឱនភាពសារពើពន្ធត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៣.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈដែលការអនុវត្តថវិកាមានលក្ខណៈធម្មតា។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ ក៏នឹងពិភាក្សាជាមួយធនាគារកណ្តាលថៃ ដើម្បីសុំឱ្យធនាគារពាណិជ្ជ ជួយក្នុងការទទួលបានឥណទានសម្រាប់អ្នកខ្ចី ខណៈ ធនាគារកណ្តាលថៃ ត្រូវបានគេរំពឹងថា នឹងរក្សាអត្រាគន្លឹះរបស់ខ្លួន ឱ្យមានស្ថិរភាពនៅកម្រិតខ្ពស់ ២,៥%៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Bangkok Post