ការប្រកួតកីឡាអូឡាំពិករដូវក្តៅ លើកទី៣៣នៅទីក្រុងប៉ារីស ប្រទេសបារាំង បានដល់ទីបញ្ចប់នៅថ្ងៃអាទិត្យទី ១១សីហា ឆ្នាំ២០២៤ ដែលរៀបចំអស់ពេលពីរសប្តាហ៍ជាមួយភាពជោគជ័យ ចំពោះការប្រកួតពេលខាងមុខ ក្នុងរង្វង់៤ឆ្នាំទៀត ទីក្រុង Los Angeles សហរដ្ឋអាមេរិក នឹងទទួលរៀបចំធ្វើជាម្ចាស់ឆ្នាំ២០២៨។
ដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិកលើកទី៣៣ ទីក្រុងប៉ារីសបានចំណាយថវិកាប្រហែលជិត ៤ពាន់លានអឺរ៉ូ ក្រោយទទួលបានការឈ្នះដេញថ្លៃរបស់ខ្លួនក្នុងឆ្នាំ២០១៧។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះបានបង្កើនថវិការបស់ខ្លួនជាច្រើនពាន់លានដុល្លារ។ ការចំណាយត្រូវបានបែងចែកស្មើៗគ្នា រវាងការចំណាយប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធថ្មី។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ The New York Times។
ទន្ទឹមនឹងនោះ ខ្ទង់ចំណាយសម្រាប់អូឡាំពិកមានទំហំ ១១ពាន់លានអឺរ៉ូ ដែលនៅក្នុងនោះ ជាង៤ពាន់លានអឺរ៉ូសម្រាប់ចាយលើការធានាសន្តិសុខ ចរាចរណ៍។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានឲ្យដឹងថា ក្រុងប៉ារីសលក់សំបុត្របានប្រមាណ ៩លាន ៥សែនសន្លឹកសម្រាប់ការប្រកួតអូឡាំពិក២សប្តាហ៍នេះ។
លោក Tony Estanguet ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកប៉ារីស ២០២៤ បានលើកឡើងថា នៅក្នុងរយៈពេល២សប្តាហ៍មកនេះ បារាំងជោគជ័យនៅក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិក ដោយគ្មានជួបបញ្ហាអសន្តិសុខ ខ្វះមធ្យោបាយធ្វើដំណើរ ឬបញ្ហាចរាចរណ៍កកស្ទះ ដូចដែលគេធ្លាប់ព្រួយបារម្ភ ភ័យនៅមុនការចាប់បើកសម្ពោធអូឡាំពិកនៅប៉ារីស។
បើតាមប្រធានគណៈរៀបចំកីឡាអូឡាំពិកប៉ារីស ២០២៥ កម្មវិធីប្រកួតកីឡាអូឡាំពិកមានអត្តលិកអន្តរជាតិចូលរួម ជាង ១ម៉ឺន៥រយនាក់ បានប្រព្រឹត្តទៅដោយរលូន នៅក្នុងបរិយាកាសរីករាយ ប្រជាប្រិយ និងប្តេជ្ញាចិត្តខ្ពស់ ពោលគឺឆ្លើយតបទៅនឹងការទន្ទឹងចង់បានរបស់គណៈកម្មការធិការរៀបចំអូឡាំពិកប៉ារីស។
ក្នុងពេលរង់ចាំការបូកសរុបទូទាត់នៅក្រោយចប់កម្មវិធី គេវាយតម្លៃថា ជាមួយនឹងការចំណាយដ៏ខ្ពស់ បារាំងពិបាកនឹងចំណេញ ឬរួចខ្លួន។ ប៉ុន្តែ បារាំងបានចំណេញមុខមាត់ មានកេរ្តិ៍ឈ្មោះថា បានរៀបចំព្រឹត្តិការណ៍អូឡាំពិកដ៏ល្អពិសេសអស្ចារ្យ មិនធ្លាប់មាន។ សម្រាប់កម្មវិធីបិទនៅថ្ងៃអាទិត្យ បារាំងគ្រោងនឹងធ្វើឲ្យកម្មវិធីបិទរឹតតែល្អពិសេសថែមទៀត ព្រោះនឹងអាចតារាអន្តរជាតិល្បីៗមកចូលរួម៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ The New York Times