អតិថិជនទិញផ្ទះពីបុរីពិភពថ្មីចំនួន ១៦១គ្រួសារ បានទទួលយកការដោះស្រាយបញ្ចប់បញ្ហាជាស្ថាពរ ជាមួយក្រុមហ៊ុនបុរីពិភពថ្មី ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នៅថ្ងៃទី ៩ ខែសីហា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសំណើសុំអន្តរាគមន៍របស់អតិថិជន ដែលបានទិញផ្ទះក្នុង បុរីពិភពថ្មី ចំនួន ១៨៤ផ្ទះ រួចមក ក្រសួងបាន ដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ដោយមានការសហការពីក្រុមហ៊ុនបុរីពិភពថ្មី, អតិថិជនដែលជាម្ចាស់សំណើ និងពីគ្រប់ភាគីពាក់ព័ន្ធ។
តាមសេចក្ដីប្រកាសព័ត៌មាន ជាលទ្ធផល អតិថិជនដែលបានស្នើសុំអន្តរាគមន៍ខាងលើ មានអតិថិជនចំនួន ១៦១ គ្រួសារ ទិញផ្ទះចំនួន ១៧៣ផ្ទះ បានទទួលយកការដោះស្រាយបញ្ចប់បញ្ហាជាស្ថាពរ។
ករណីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបិទបញ្ចប់ដំណោះស្រាយករណីសំណើ សុំអន្តរាគមន៍ខាងលើ ចាប់ពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤តទៅ។
ក្រសួងដែនដី ក៏បានថ្លែងអំណរគុណចំពោះអតិថិជន និងក្រុមហ៊ុនបុរីពិភពថ្មី ដែលមានឆន្ទៈចូលរួមដោះស្រាយក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី