មេដឹកនាំបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Muhammad Yunus កាលពីថ្ងៃពុធបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងបានជំរុញឱ្យភាគីទាំងអស់ជួយប្រទេសនេះឱ្យមានការកសាងឡើងវិញ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ដែលបានសម្លាប់មនុស្សរាប់រយនាក់ ព្រមទាំងរុញច្រានឱ្យនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina លាលែងពីតំណែង ហើយភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។
លោក Yunus ដែលជាជ័យលាភីណូបែលសន្តិភាព បានស្ថិតនៅក្នុងទីក្រុងប៉ារីស សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅពេលដែលលោកត្រូវបានតែងតាំងជាមេដឹកនាំបណ្តោះអាសន្ន បន្ទាប់ពីមានការពិភាក្សាគ្នារវាងមន្ត្រីយោធា មេដឹកនាំពលរដ្ឋ និងសកម្មជននិស្សិត ដែលបានដឹកនាំការបះបោរប្រឆាំងនឹងនាយករដ្ឋមន្ត្រី។ លោក Yunus បានធ្វើការអត្ថាធិប្បាយជាសាធារណៈលើកដំបូងពីទីក្រុងបារីស ប្រទេសបារាំងកាលពីថ្ងៃពុធមុនពេលឡើងយន្តហោះដើម្បីត្រឡប់មកមាតុភូមិវិញ។
លោកបានអបអរសាទរក្រុមបាតុករនិស្សិតដោយនិយាយថា ពួកគេបានធ្វើឱ្យ “ទិវាជ័យជំនះលើកទីពីររបស់យើងអាចធ្វើទៅបាន” ហើយបានអំពាវនាវឱ្យពួកគេ និងអ្នកពាក់ព័ន្ធដទៃទៀត រក្សាសន្តិភាព ខណៈពេលដែលថ្កោលទោសចំពោះអំពើហិង្សាណាមួយចាប់តាំងពីការលាលែងពីតំណែងរបស់លោកស្រី Hasina កាលពីថ្ងៃចន្ទ។
លោកថ្លែងថា៖ “អំពើហឹង្សា គឺជាសត្រូវរបស់យើង សូមកុំបង្កើតសត្រូវបន្ថែមទៀត ស្ងប់ស្ងាត់ ហើយត្រៀមខ្លួនដើម្បីកសាងប្រទេស”។
ប្រមុខយោធាបង់ក្លាដែស ឧត្តមសេនីយ៍ Waker-Uz-Zaman បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា លោក Yunus នឹងស្បថចូលកាន់តំណែងមេដឹកនាំបណ្តោះអាសន្ននៅយប់ថ្ងៃព្រហស្បតិ៍ ហើយលោករំពឹងថាលោកនឹងដឹកនាំនៅក្នុងដំណើរការប្រជាធិបតេយ្យដ៏ស្រស់ស្អាត។ មេដឹកនាំយោធាបាននិយាយថា អ្នកដែលទទួលខុសត្រូវចំពោះអំពើហឹង្សាចាប់តាំងពីការលាលែងពីតំណែងរបស់លោកស្រី Hasina នឹងត្រូវបាននាំមកកាត់ទោស។
លោក Yunus ដែលទទួលបានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០០៦ សម្រាប់ការងារក្នុងការអភិវឌ្ឍទីផ្សារឥណទានខ្នាតតូច បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉ារីសថា “ខ្ញុំទន្ទឹងរង់ចាំត្រឡប់ទៅផ្ទះវិញ ហើយឃើញអ្វីដែលកំពុងកើតឡើងនៅទីនោះ និងរបៀបដែលអាចរៀបចំខ្លួនយើងឱ្យរួចផុតពីបញ្ហា”។
នៅពេលសួរថា តើការបោះឆ្នោតនឹងត្រូវធ្វើនៅពេលណា លោកលើកដៃឡើងហាក់ដូចជាបញ្ជាក់ថា វាលឿនពេកក្នុងការនិយាយ។ លោកថា “ខ្ញុំនឹងទៅនិយាយជាមួយពួកគេ”។
មនុស្សជាច្រើនមានការភ័យខ្លាចថា ការចាកចេញរបស់លោកស្រី Hasina អាចបង្កឱ្យមានអស្ថិរភាពកាន់តែច្រើននៅក្នុងប្រទេសដែលមានប្រជាជនរស់នៅប្រហែល ១៧០លាននាក់ ដែលកំពុងប្រឈមមុខនឹងភាពអត់ការងារធ្វើខ្ពស់ អំពើពុករលួយ និងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយឥណ្ឌា ចិន និងសហរដ្ឋអាមេរិក។
លោកស្រី Hasina អាយុ៧៦ឆ្នាំ ត្រូវបានជាប់ឆ្នោតជាលើកទី៤ ជាប់ៗគ្នាក្នុងខែមករា នៅក្នុងការបោះឆ្នោតដែលត្រូវបានធ្វើពហិការដោយគូប្រជែងសំខាន់ៗរបស់លោកស្រី។ សមាជិកបក្សប្រឆាំងរាប់ពាន់នាក់ត្រូវបានជាប់គុកមុនពេលបោះឆ្នោត ហើយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានថ្កោលទោសលទ្ធផលនេះថាមិនគួរឱ្យទុកចិត្ត៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP