រដ្ឋាភិបាលអង់គ្លេស បានអំពាវនាវឱ្យលោក Elon Musk ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ បន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម X ដើម្បីបញ្ចេញមតិពាក់ព័ន្ធពាក្យសង្គ្រាមស៊ីវិលនឹងកើតមានឡើងនៅអង់គ្លេស ដែលក្រុមមន្ត្រីនិយាយថា ការបង្ហោះសាររបស់ Musk នាំហានិភ័យនឹងធ្វើឱ្យមានចលាចលពេញប្រទេស។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Heidi Alexander បានចេញមកប្រតិកម្មនៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីលោក Musk បានបង្ហោះសារថា “សង្រ្គាមស៊ីវិលគឺជៀសមិនរួច” នៅចក្រភពអង់គ្លេស។ លោក Musk គូសបញ្ជាក់ពីការត្អូញត្អែរថា ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ចក្រភពអង់គ្លេស ប្រព្រឹត្តចំពោះជនមូស្លីមដោយភាពធូរស្រាលជាងសកម្មជនស្តាំនិយមជ្រុល។
លោកស្រី Alexander បានប្រាប់កាសែត Times Radio ថា “ការប្រើប្រាស់ភាសាដូចជា ‘សង្រ្គាមស៊ីវិល’ គឺមិនអាចទទួលយកបាននោះទេ។ «យើងកំពុងឃើញមន្ត្រីប៉ូលិសរងរបួសធ្ងន់ អគារត្រូវភ្លើងឆេះ ដូច្នេះខ្ញុំពិតជាគិតថា អ្នករាល់គ្នាដែលមានវេទិកាគួរតែប្រើអំណាចដោយការទទួលខុសត្រូវ»។
សូមជម្រាបថា ចក្រភពអង់គ្លេស បានរង្គោះរង្គើដោយអំពើហឹង្សាអស់រយៈពេលជាងមួយសប្តាហ៍ ខណៈដែលប៉ូលីសបានប៉ះទង្គិចជាមួយនឹងហ្វូងមនុស្ស។ ក្រុមបាតុករស្រែកលឺៗខ្លាំងពាក្យស្លោកប្រឆាំងជនអន្តោប្រវេសន៍ និងសាសនាអ៊ីស្លាមនៅក្នុងទីក្រុង និងទីប្រជុំជននានាពីអៀរឡង់ខាងជើង រហូតដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស។ ភាពចលាចលបានចាប់ផ្តើមបន្ទាប់ពីសកម្មជនស្តាំនិយមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការវាយប្រហារដោយកាំបិត ដែលបានសម្លាប់ក្មេងស្រីចំនួន ៣នាក់ក្នុងអំឡុងពេលព្រឹត្តិការណ៍រាំ Taylor Swift កាលពីថ្ងៃទី ២៩ខែកក្កដាកន្លងទៅ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានហៅក្រុមកុបកម្មថាជា “ចោរស្តាំនិយម” ។ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីអនុវត្តច្បាប់ និងរដ្ឋមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃអង្គារលោកបាននិយាយថា ជនល្មើសនឹងត្រូវផ្តន្ទាទោសយ៉ាងឆាប់រហ័ស។
មនុស្សជាង ៤០០នាក់ត្រូវបានចាប់ខ្លួនដោយសារតែអំពើហិង្សានៅក្នុងទីក្រុង និងទីក្រុងជាង២០ ហើយប្រហែល ១០០នាក់ត្រូវបានចោទប្រកាន់បន្ទាប់ពីនាយករដ្ឋមន្រ្តីបានប្រកាសពីផែនការបង្កើនប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
បុរសអាយុ ១៨ឆ្នាំម្នាក់ដែលបានគប់ឡានប៉ូលីសនៅទីក្រុង Bolton ភាគខាងជើងប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យត្រូវបានគេជឿថា ជាមនុស្សដំបូងគេដែលត្រូវបានកាត់ទោសនៅក្នុងភាពចលាចលនេះ។ ប៉ូលីសបាននិយាយថា James Nelson ត្រូវបានជាប់ពន្ធនាគាររយៈពេលពីរខែកាលពីថ្ងៃអង្គារ បន្ទាប់ពីបានសារភាពកំហុសនៅក្នុងតុលាការ Manchester Magistrates ចំពោះសំណុំរឿងព្រហ្មទណ្ឌ។
រដ្ឋាភិបាលកំពុងអំពាវនាវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Heidi Alexander បាននិយាយថា រដ្ឋាភិបាលនឹងពិនិត្យមើលការពង្រឹងច្បាប់សុវត្ថិភាពអនឡាញដែលមានស្រាប់ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន ហើយនឹងមិនត្រូវបានអនុវត្តពេញលេញរហូតដល់ឆ្នាំ២០២៥។
លោកស្រីបានប្រាប់សារព័ត៌មាន BBC ថា “យើងបានធ្វើការជាមួយនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយសកម្មភាពមួយចំនួនដែលពួកគេបានធ្វើរួចហើយជាមួយនឹងការដកយកព័ត៌មានមិនពិតមួយចំនួនចេញដោយស្វ័យប្រវត្តិ”៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ BBC