ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំង ៥០០ រូបនៅលើពិភពលោកបានជ្រុះបាត់ប្រមាណ ១៣៤ ពាន់លានដុល្លារត្រឹមតែរយៈពេលមួយរាត្រី ដោយសារតែការធ្លាក់ចុះតម្លៃហ៊ុនយ៉ាងគំហុករបស់ក្រុមហ៊ុន Amazon ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Yahoo ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្លាក់ចុះជិត ៩ ភាគរយត្រឹមពេលមួយយប់ ហើយការធ្លាក់ចុះនេះក៏បានទាញទម្លាក់ទ្រព្យសម្បត្តិសុទ្ធរបស់លោក Jeff Bezos ដែលជាស្ថាបនិករបស់ក្រុមហ៊ុនផ្សារអនឡាញរបស់អាមេរិកមួយនេះជិត ១៦ ពាន់លានដុល្លារ ។
ស្របពេលជាមួយគ្នានេះ ផ្សារហ៊ុនអាមេរិក Nasdaq 100 ក៏ធ្លាក់ចុះ ២.៤ ភាគរយផងដែរ ។ ការធ្លាក់ចុះបានស្រូបទ្រព្យសម្បត្តិសុទ្ធរបស់អ្នកមានបំផុតទាំង ១០ នៅលើពិភពលោកយ៉ាងហោចណាស់ ១ ពាន់លានដុល្លារ ខណៈគ្រាន់តែមហាសេដ្ឋីបច្ចេកវិទ្យាមួយមុខបានបាត់បង់ទ្រព្យសម្បត្តិសរុបប្រមាណ ៦៨ ពាន់លានដុល្លារ ។
យោងតាមការគណនារបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែសីហា ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Elon Musk ធ្លាក់ចុះពី ២៥២ ពាន់លានដុល្លារមកត្រឹម ២៣៥ ពាន់លានដុល្លារ ខណៈមហាសេដ្ឋី ៣ រូបទៀតដូចជា Mark Zuckerberg, Sergey Brin និង Larry Page សរុបចូលគ្នាបាត់ទ្រព្យសម្បត្តិជាង ៣ ពាន់លានដុល្លារ ។
គួរកត់សម្គាល់ថា នេះគឺជាការជ្រុះបាត់ទ្រព្យសម្បត្តិដ៏កម្របំផុតមួយរបស់មហាសេដ្ឋីនៅលើពិភពលោក ប៉ុន្តែសម្រាប់លោក Jeff Bezos នេះជាលើកទី ៣ ហើយ ។ កាលពីខែមេសា ឆ្នាំ ២០១៩ ថៅកែ Amazon រូបនេះបានបាត់ទ្រព្យសម្បតិ្ត ៣៦ ពាន់លានដុល្លារ ក្រោយការដោះស្រាយបញ្ហាលែងលះជាមួយភរិយា ៕
បកប្រែ ៖ ទីន