វិនិយោគិនចិនសម្រុកទៅទិញខុនដូរនៅថៃ

វិនិយោគិនចិនសម្រុកទៅទិញខុនដូរនៅថៃ

វិនិយោគិនចិនកំពុងសម្រុកទិញខុនដូរ និងលំនៅដ្ឋាននៅក្នុងប្រទេសថៃដើម្បីត្រៀមទុកលក់បន្តទៅឱ្យអ្នកផ្សេងទៀត ក្រោយរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអចលនទ្រព្យថ្មី ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យថៃ DNA ។

លោក Surachet Kongcheep នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន DNA បាននិយាយថា “ទីផ្សារទិញអចលនទ្រព្យសម្រាប់ជួល និងលក់ពីសំណាក់វិនិយោគិនចិននៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗរបស់ថៃកំពុងត្រូវប៉ាន់ ដោយសារតែរដ្ឋាភិបាលដាក់ចេញផែនការបង្កើនរយៈពេលជួលសម្រាប់ជនបរទេសពី ៥០ ទៅ ៩៩ ឆ្នាំ” ។

លោក Surachet បានបន្ថែម​ថា​ “វិនិយោគិនទាំងនោះ​មាន​គោលបំណង​លក់ ឬ​ជួល​អចលនទ្រព្យដែលពួកគេទិញហើយទាំងនេះទៅឱ្យ​ជនជាតិ​ថៃ​ដែលមាន​ទ្រព្យសម្បត្តិ ឬ​ជនបរទេស​នៅពេល​ក្រោយ ជាពិសេស​អ្នក​ដែល​ស្វែងរក​លំនៅដ្ឋាន​ក្នុង​ទីក្រុង​បាងកក ប៉ាតាយ៉ា និង​ភូកេត​” ​។

តាមដានជាមួយយើង៖ Million Times

ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ វិនិយោគិនចិនបានជះលុយប្រមាណ ២.៨ ពាន់លានដុល្លារបណ្ដាក់ទុនលើវិស័យអចលនទ្រព្យនៅក្នុងទីក្រុងសេដ្ឋកិច្ចរបស់ប្រទេសថៃ ខណៈនៅទូទាំងប្រទេសវិញ ក្រសួងពាណិជ្ជកម្មបានរាយការណ៍ថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ក្រុមហ៊ុនចិនបានវិនិយោគជាង ១០.៧ ពាន់លានដ ឬស្មើនឹង ៩.៤៨ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់ ។

កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ស្ថិត​ក្នុង​លំដាប់​ទី ៣ ​នៃ​ប្រទេស​ដែល​វិនិយោគ​ច្រើន​ជាង​គេ​ក្នុងប្រទេសថៃ បន្ទាប់​ពី​ប្រទេស​ជប៉ុនមានប្រមាណ ២៨ ពាន់​លានដុល្លារ ស្មើ ២៤.៦៥ ភាគរយ និង​ប្រទេស​សិង្ហបុរីវិនិយោគជាង ១៣ ពាន់​លាន​ដុល្លារ ស្មើ ១១.៧៥ ភាគរយ ៕

បកប្រែ ៖ ទីន