បាតុកម្មបានផ្តួលរំលំរដ្ឋាភិបាលបង់ក្លាដែស ហើយបានរុញច្រាននាយករដ្ឋមន្ត្រីដ៏មានអំណាចឱ្យនិរទេសខ្លួន

បាតុកម្មបានផ្តួលរំលំរដ្ឋាភិបាលបង់ក្លាដែស ហើយបានរុញច្រាននាយករដ្ឋមន្ត្រីដ៏មានអំណាចឱ្យនិរទេសខ្លួន

អ្វីដែលបានចាប់ផ្តើមនៅពេលដែលការតវ៉ាដោយសន្តិវិធីពីក្រុមនិស្សិតនៅក្នុងប្រទេសបង់ក្លាដែស ប្រឆាំងនឹងប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាលនៅទីបំផុតបានប្រែទៅជាការបះបោរដែលបង្ខំឱ្យនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina លាលែងពីតំណែងហើយរត់ចេញពីប្រទេសដោយឧទ្ធម្ភាគចក្រភ្លាមៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ការបញ្ចប់នៃការកាន់អំណាចរយៈពេល ១៥ឆ្នាំរបស់លោកស្រីបានកើតឡើងបន្ទាប់ពីមានចលាចលហិង្សាជាច្រើនសប្តាហ៍ក្នុងអំឡុងពេលដែលមនុស្សជិត ៣០០នាក់បានស្លាប់។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង់ក្លាដែស។

តាមដានជាមួយយើង៖ Million Times

រដ្ឋាភិបាលបានព្យាយាមម្តងហើយម្តងទៀតដើម្បីលុបបំបាត់បាតុកម្មដែលពួកគេបានស្តីបន្ទោសលើការបំផ្លិចបំផ្លាញ និងគណបក្សប្រឆាំងជាមួយនឹងគ្រាប់កាំភ្លើង បម្រាមគោចរ និងការផ្តាច់អ៊ីនធឺណិត ប៉ុន្តែចលនាដ៏ធ្ងន់ទាំងនេះបានតបតវិញ ជំរុញឱ្យមានកំហឹង និងការតវ៉ាបន្ថែមទៀត។

កាលពីថ្ងៃចន្ទ ក្រុមបាតុករបានផ្គើននឹងបម្រាមគោចររបស់យោធា ដើម្បីដើរដង្ហែចូលទៅក្នុងមជ្ឈមណ្ឌលនៃរដ្ឋធានី បន្ទាប់ពីអំពើហិង្សាកាលពីចុងសប្តាហ៍បានធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់។ នៅពេលដែលកងទ័ពបានដកថយ ហើយការចូលប្រើអ៊ីនធឺណិតត្រូវបានស្ដារឡើងវិញ មនុស្សរាប់ម៉ឺននាក់បានចាប់ផ្តើមអបអរនៅតាមដងផ្លូវ ហើយរាប់ពាន់នាក់បានសម្រុកចូលលំនៅដ្ឋានផ្លូវការរបស់មេដឹកនាំ។

ប្រមុខយោធា ឧត្តមសេនីយ៍ Waker-uz-Zaman បាននិយាយថា កងទ័ពនឹងស្វែងរកការណែនាំពីប្រធានាធិបតីដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ខណៈដែលលោកបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងសុន្ទរកថាសាធារណៈនៅរសៀលថ្ងៃចន្ទ។

តើការតវ៉ាបានចាប់ផ្តើមដោយរបៀបណា?

ការតវ៉ាដែលបានទាក់ទាញមនុស្សរាប់សែននាក់បានចាប់ផ្តើមនៅក្នុងខែកក្កដាជាមួយនឹងក្រុមនិស្សិតដែលធ្វើបាតុកម្មប្រឆាំងនឹងប្រព័ន្ធកូតាដ៏ចម្រូងចម្រាសដែលបែងចែកការងាររបស់រដ្ឋាភិបាល។ វាបានប្រែក្លាយជាហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា ខណៈដែលក្រុមបាតុករនិស្សិតបានប៉ះទង្គិចជាមួយមន្ត្រីសន្តិសុខ និងសកម្មជនគាំទ្ររដ្ឋាភិបាល ដែលជំរុញឱ្យអាជ្ញាធរបំបែកដោយឧស្ម័នបង្ហូរទឹកភ្នែក បាញ់កាំភ្លើងជ័រ និងបិទសាលារៀន និងដាក់បម្រាមគោចរ ព្រមដោយមានការគម្រាមបាញ់ប្រហារ ស្របពេល អ៊ីនធឺណិត និងទូរសព្ទចល័តក៏ត្រូវបានបិទផងដែរ។

រដ្ឋាភិបាលនិយាយថា មនុស្សជិត ១៥០នាក់បានស្លាប់កាលពីខែមុន ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្សជាង ២០០នាក់ត្រូវបានសម្លាប់។

ហេតុអ្វីបានជាពួកគេតវ៉ា?

ដំបូង បាតុកម្មគឺប្រឆាំងនឹងប្រព័ន្ធកូតាដែលកំណត់ទុកការងាររដ្ឋាភិបាលរហូតដល់ ៣០% សម្រាប់សមាជិកគ្រួសារអតីតយុទ្ធជនដែលបានប្រយុទ្ធក្នុងសង្គ្រាមឯករាជ្យរបស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ ១៩៧១ ប្រឆាំងនឹងប៉ាគីស្ថាន។ ក្រុមអ្នកតវ៉ាបាននិយាយថា ប្រព័ន្ធនេះគឺជាការរើសអើង និងផ្តល់ផលប្រយោជន៍ដល់អ្នកគាំទ្រគណបក្ស Awami League របស់នាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលដឹកនាំចលនាឯករាជ្យ។

កំហឹងនេះបានគូសបញ្ជាក់ពីវិសាលភាពនៃវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសបង់ក្លាដែស ដែលការនាំចេញបានធ្លាក់ចុះ ហើយទុនបម្រុងរូបិយប័ណ្ណបរទេសកំពុងដំណើរការទាប។ មានការខ្វះខាតការងារប្រកបដោយគុណភាពសម្រាប់និស្សិតបញ្ចប់ការសិក្សាវ័យក្មេង ដែលស្វែងរកការងាររដ្ឋាភិបាល មានស្ថិរភាព និងរកកម្រៃកាន់តែច្រើនឡើង។

នៅពេលដែលអំពើហឹង្សាកើនឡើង តុលាការកំពូលកាលពីខែមុនបានសម្រេចថា កូតាអតីតយុទ្ធជនត្រូវកាត់បន្ថយមកត្រឹម ៥% ដោយមានការងារ ៩៣% ដែលត្រូវបែងចែកទៅតាមគុណសម្បត្តិ។ នៅសល់ ២% នឹងត្រូវដាក់ដោយឡែក សម្រាប់សមាជិកជនជាតិភាគតិច និងអ្នកកែភេទ និងជនពិការ។

រដ្ឋាភិបាល​បាន​ទទួល​យក​ការ​សម្រេច​ចិត្ត​នេះ ហើយ​បាន​ស្ដារ​អ៊ីនធឺណិត​ដោយ​គិត​ថា​ស្ថានការណ៍​នឹង​ធូរស្រាល។ ប៉ុន្តែការតវ៉ាបានកើនឡើង ជាមួយនឹងការទាមទារថ្មីសម្រាប់ការស៊ើបអង្កេតលើការបង្រ្កាបដ៏សាហាវ ហើយនៅទីបំផុតសម្រាប់លោកស្រី Hasina និងគណៈរដ្ឋមន្ត្រីរបស់លោកស្រីត្រូវចុះចេញពីតំណែង។

មាន​អ្វី​បន្ទាប់?

បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំនៅក្នុងរដ្ឋធានី ដោយគ្រវីទង់ជាតិបង់ក្លាដែស ខណៈដែលអ្នកផ្សេងទៀតបានលួចចូលទៅលំនៅដ្ឋានផ្លូវការរបស់លោកស្រីនាយករដ្ឋមន្រ្តី ដោយយកគ្រឿងសង្ហារឹម។ យ៉ាងណា បន្ទាប់ពី ១៥ឆ្នាំនៃការគ្រប់គ្រងរបស់លោកស្រី បង់ក្លាដែសមិនច្បាស់ថាមានអ្វីកើតឡើងបន្ទាប់នោះទេ។

ឧត្តមសេនីយ Waker-uz-Zaman បានសន្យាថា យោធានឹងឈប់ឈរទប់ទល់ ហើយនឹងបើកការស៊ើបអង្កេតលើការបង្រ្កាបដ៏សាហាវ ដែលបង្កឱ្យមានកំហឹងប្រឆាំងនឹងរដ្ឋាភិបាល។ លោក​បាន​និយាយ​ថា​៖ «​រក្សា​ជំនឿ​លើ​យោធា យើង​នឹង​ស៊ើបអង្កេត​ការ​សម្លាប់​ទាំងអស់​ និង​ដាក់​ទោស​អ្នក​ទទួល​ខុស​ត្រូវ​។ ខ្ញុំ​បាន​បញ្ជា​មិន​ឲ្យ​កងទ័ព និង​ប៉ូលិស​ណា​មួយ​ចូល​រួម​ក្នុង​ការ​បាញ់​ប្រហារ​ណា​មួយ​ឡើយ»។

ជាមួយគ្នានេះដែរ លោក​បាន​សុំ​ឲ្យ​មាន​ការ​អត់ធ្មត់ ខណៈ​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង។ លោក​បាន​បន្ថែម​ថា​៖ «​ឥឡូវ​នេះ កាតព្វកិច្ច​របស់​សិស្ស​គឺ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ជួយ​យើង​»៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ បណ្តាញសង្គម