ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថន តារា មេបញ្ជាការរង និងជានាយសេនាធិការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ បានដឹកនាំមេបញ្ជាការង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការវរៈសេនាតូច មេបញ្ជាការកងអនុសេនាធំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម រៀបចំពិធីអបអរសាទរការបើកការដ្ឋានសាង់សង «ព្រែកជីកហ្វូណនតេជោ» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈការទូងស្គរ និងទះដៃអបអរយ៉ាងក្លៀវក្លាបំផុត។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថន តារា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាននៅអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន និងអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន តេជោ» នៅថ្ងៃ ៥ ខែសីហា ឆ្នាំ ២០២៤ ដែលជាថ្ងៃដ៏អស្ចារ្យថ្មីមួយសម្រាប់កម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ ចាត់ទុកជាថ្ងៃចងចាំជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើងមានសមិទ្ធផលផ្លូវទឹកជាមរតកប្រវត្តិសាស្ត្រ សម្រាប់បម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាជន។
ឯកឧត្តមមេបញ្ជាការងបានលើកឡើងថា «យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹង នូវព្រែកជីកហ្វូណនតេជោ និងអបអរសាទការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤នេះ ដោយម៉ឺងម៉ាត់ និងឥតងាករេក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថន តារា បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំងពេលនេះ និងទៅថ្ងៃអនាគត ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់។
សូមជម្រាបជូនថា គម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា៖ កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕