តំបន់អាស៊ានបានកាច់បំបាក់ធ្មុងប្រទេសចិនជាលើកដំបូងក្នុងរយៈពេលមួយទស្សវត្សរ៍លើការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈវិនិយោគិនហាក់ដកការរកស៊ីចេញពីប្រទេសចិន ដោយសារតែបញ្ហាពន្ធ និងការចំណាយផ្សេងទៀត ។
យោងតាមចុះផ្សាយដោយកាសែត South China Morning Post បានឲ្យដឹងថា កាលពីឆ្នាំ ២០២៣ ប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង ៦ នៅអាស៊ានដូចជា ឥណ្ឌូណេស៊ី ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន កើបលុយពីការវិនិយោគរបស់បរទេសចំនួន ២០៦ ពាន់លានដុល្លារ ខណៈប្រទេសចិនទទួលបានត្រឹម ៤៣ ពាន់លានដុល្លារប៉ុណ្ណោះ ។
ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ មក សេដ្ឋកិច្ចអាស៊ានមិនអាចប្រៀបផ្ទឹមជាមួយចិនបាននោះទេ ជាពិសេសលើវិធានការកំណើនជាច្រើនដូចជា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ កំណើនពាណិជ្ជកម្ម ក៏ដូចជាទាំងទំហំនៃការវិនិយោគពីបរទេស និងក្នុងប្រទេសជាដើម ។
ប៉ុន្តែក្នុងរយៈពេលមួយទស្សវត្សរ៍មកនេះ បណ្ដាប្រទេសអាស៊ានបានដាក់ចេញមូលដ្ឋានគ្រឹះដើម្បីពន្លឿនកត្តាជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ គឺបង្កើនកម្លាំងពលកម្ម ផលិតភាពការងារ និងការចំណាយដើមទុនខ្ពស់ ហើយគេកត់សម្គាល់ឃើញថា វៀតណាមជាប្រទេសដែលទទួលបានជោគជ័យបំផុតក្នុង ។
ចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់អាស៊ានបានកើនឡើង ៣៧ ភាគរយ ខណៈបើធៀបនឹងប្រទេសចិនមានត្រឹមតែ ១០ ភាគរយ ប៉ុណ្ណោះ ក្នុងនោះប្រទេសខ្លាសេដ្ឋកិច្ចលំដាប់កំពូលក្នុងតំបន់គឺ សិង្ហបុរី ទទួលបានការវិនិយោគផ្ទាល់ពីបរទេសសម្បើមដៃជាងគេ ។
សូមជម្រាបថា អាស៊ានពឹងផ្អែកលើវិស័យពាណិជ្ជកម្មខ្លាំងជាងតំបន់សំខាន់ៗផ្សេងទៀតដល់ទៅ ៥ ដង ហើយក្នុងរយៈពេលមួយទស្សវត្សរ៍មកនេះ ទំហំពាណិជ្ជកម្មមានចំនួន ៨៩ ភាគរយនៃកំណើតផលិតផលក្នុងស្រុកសរុប (GDP) ៕
បកប្រែ ៖ ទីន