ក្រុមហ៊ុនឱសថឥណ្ឌា BDR Pharmaceuticals Group បង្ហាញពីបំណងបណ្ដាក់ទុនវិនិយោគប្រមាណ ២០០ លានដុល្លារលើផ្ទៃដី ៥០០ ហិកតាដើម្បីបើករោងចក្រផលិតថ្នាំព្យាបាលជំងឺមហារីកនៅក្នុងប្រទេសវៀតណាម ។
លោក Dharmesh Shah ដែលជាប្រធានក្រុមហ៊ុន BDR Pharmaceuticals Group បានថ្លែងក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ក្នុងទីក្រុង New Delhi ថា “ថ្នាំព្យាបាលជំងឺមហារីកដែលក្រុមហ៊ុនចង់ផលិតនៅក្នុងប្រទេសវៀតណាមនឹងមានផលប៉ះពាល់តិចជាងថ្នាំដែលដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន ហើយសង្ឃឹមថា អ្នកដែលមានប្រាក់ចំណូលទាបក៏អាចទទួលបានអត្ថប្រយោជន៍ពីថ្នាំមួយនេះផងដែរ” ។
លោកបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមដែលមានប្រជាជនចំនួន ១០០ លាននាក់ មានអត្រាកើតជំងឺមហារីកខ្ពស់ ដូច្នេះហើយទើបក្រុមហ៊ុន BDR Pharmaceuticals Group មានចិត្តចង់សាងសង់រោងចក្រផលិតថ្នាំ និងបង្កើតប្រព័ន្ធចែកចាយនៅក្នុងប្រទេសមួយនេះឱ្យបានឆាប់រហ័សជាទីបំផុត ។
សូមជម្រាបថា ក្រុមហ៊ុនឱសថ BDR Pharmaceuticals Group បង្កើតឡើងក្នុងឆ្នាំ ២០០២ ជាក្រុមហ៊ុនផលិតថ្នាំមហារីកដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌាដែលមាន ៨០ ភាគរយនៃចំណែកទីផ្សារ ។
ក្រុមហ៊ុនមួយនេះមានរោងចក្រចំនួន ៩ នៅក្នុងប្រទេសឥណ្ឌា និងមួយរោងចក្រនៅប្រទេសអាល់ហ្សេរី ខណៈកាលពី ២០២៣ កន្លងទៅ ក្រុមហ៊ុនបានប្រកាសកើបប្រាក់ចំណូល ២៥០ លានដុល្លារ និងប្រាក់ចំណេញ ៩០ លានដុល្លារ ៕
បកប្រែ ៖ ទីន