តម្លៃប្រេងជួញដូរនៅក្នុងតំបន់អាស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានហក់ឡើងយ៉ាងគំហុក ដោយសារតែការវាយឆ្មក់ធ្វើឃាតលើមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh នៅក្នុងប្រទេសអ៊ីរ៉ង់ ។
ហាងឆេងតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនម៉ាក Brent បានស្ទុះឡើង ៦៧ សេន ឬ ០.៨ ភាគរយ ដាក់លក់ក្នុងតម្លៃ ៨១.៥១ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) កើនឡើង ៦៩ សេន ឬ ០.៩ ភាគរយ ដាក់លក់ក្នុងតម្លៃ ៧៨.៦០ ដុល្លារក្នុងមួយបារ៉ែល ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាមេរិកក៏បានបញ្ចេញស្តុកប្រេងប្រមាណ ៣.៤ លានបារ៉ែលដើម្បីទប់ទល់នឹងការឡើងថ្លៃក្នុងរយៈពេលមួយសប្តាហ៍ ហើយអាចនឹងឈានដល់ ៤៣៣ លានបារ៉ែលឯណោះ ប្រសិនបើស្ថានការណ៍នៅតែអាក្រក់បែបនេះ ។
មេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ត្រូវបានគេលួចធ្វើឃាតនៅក្នុងរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ពោលមិនដល់ ២៤ ម៉ោងផង បន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់បំផុតរបស់ក្រុមហេសបូឡាក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរដ្ឋធានី Beirut របស់លីបង់ ។
ការសម្លាប់នេះបានជំរុញឱ្យមានការព្រួយបារម្ភថា សង្រ្គាមនៅតំបន់ហ្គាហ្សាដែលអូសបន្លាយពេល ១០ ខែទៅហើយនោះ នឹងប្រែទៅជាសង្គ្រាមខ្នាតធំនៅតំបន់មជ្ឈិមបូព៌ា ដែលអាចឈានទៅដល់ការរំខានលើការផ្គត់ផ្គង់ប្រេងពីតំបន់មួយទៅតំបន់មួយ ៕
បកប្រែ ៖ ទីន