ក្នុងជំនួបជាមួយគណៈប្រតិភូវិនិយោគមកពីហុងកុង អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ប្រកាសប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា និងចិន និងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ភាពស្មោះត្រង់ ការច្នៃប្រឌិត និងគុណភាព។
ក្រុមហ៊ុន កាណាឌីយ៉ាគ្រុប ដែលជាក្រុមហ៊ុនសាជីវកម្មធំជាងគេមួយរបស់កម្ពុជា បានទទួលគណៈប្រតិភូមកពីតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) ដើម្បីពិភាក្សាការងារពង្រឹកការវិនិយោគ និងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
អ្នកឧកញ៉ា ពុង ឃាវសែ បានទទួលស្គាល់ថា ដំណើរទស្សនកិច្ចនេះ គឺជាការគាំទ្រយ៉ាងសំខាន់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា និងចិន និងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ភាពស្មោះត្រង់ ការច្នៃប្រឌិត និងគុណភាព។
ជាមួយគ្នានេះ អ្នកឧកញ៉ាបានលើកឡើងពីបរិយាកាសវិនិយោគដ៏អំណោយផលរបស់កម្ពុជា ដោយកត់សម្គាល់ពីអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដែលជំរុញដោយវិស័យទេសចរណ៍ វាយនភ័ណ្ឌ សំណង់ និងកសិកម្ម។ អ្នកឧកញ៉ាក៏បានលើកឡើងពីបរិយាកាសនយោបាយស្ថិរភាពរបស់កម្ពុជា សេដ្ឋកិច្ចបើកចំហ និងអវត្តមាននៃការគ្រប់គ្រងការប្តូរប្រាក់បរទេស ដែលជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។
ជាមួយនឹងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឈានដល់ ២៦.០៩ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ និងការកើនឡើងពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ជាមួយប្រទេសចិន អ្នកឧកញ៉ាបានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយហុងកុង។ អ្នកឧកញ៉ាបានគូសបញ្ជាក់ពីសក្ដានុពលសម្រាប់ហុងកុងក្នុងការក្លាយជាដៃគូដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងហុងកុង និងអាស៊ាន។
លោក Peter KN Lam ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ កាណាឌីយ៉ាគ្រុប ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ រវាងកម្ពុជា និងចិន និងបានទទួលស្គាល់តួនាទីរបស់ក្រុមហ៊ុន កាណាឌីយ៉ា ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងតំបន់។ លោកបានបង្ហាញសុទិដ្ឋិនិយមអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈគំនិតផ្តួចផ្តើមដូចជា “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង។
សូមជម្រាបជូនថា ប្រធានបទសំខាន់នៃការពិភាក្សាក្នុងអំឡុងពេលទស្សនកិច្ចនេះ គឺគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់ក្រុមហ៊ុនកាណាឌីយ៉ាគ្រុបកំពុងអភិវឌ្ឍ។ គម្រោងដ៏គួរឲ្យកត់សម្គាល់នេះ ត្រូវបានគេរំពឹងថា នឹងបម្រើជាកាតាលីករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកំណើនរវាងប្រទេសកម្ពុជា និងប្រជាជាតិដទៃទៀត។ បន្ថែមទៀតនោះ ភាគីទាំងពីរបានទទួលស្គាល់សក្តានុពលរបស់ TIA ក្នុងការពង្រឹងការតភ្ជាប់ បង្កើនទេសចរណ៍ ទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់៕
អត្ថបទ៖ ផល កុសល រូបភាព៖ បាយ័នធីវី