ក្រុមហ៊ុនសិង្ហបុរី Temasek គ្រោងនឹងបណ្ដាក់ទុនវិនិយោគរហូតដល់ ៣០ ពាន់លានដុល្លារក្នុងវិស័យដូចជា ការថែទាំសុខភាព ហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។
លោកស្រី Jane Atherton ប្រធានក្រុមហ៊ុនវិនិយោគ Temasek ប្រចាំនៅអាមេរិកខាងជើងបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ក្រុមហ៊ុនមានចំណាប់អារម្មណ៍បណ្ដាក់ទុននៅសហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនមើលឃើញពីលក្ខណៈពិសេសលើផ្នែកជាច្រើនទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) មជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងឧបករណ៍អេឡិចត្រូនិកជាដើម” ។
ទន្ទឹមនោះ ការបណ្ដាក់ទុនវិនិយោគនេះ ក៏ដោយសារតែសេដ្ឋកិច្ចអាមេរិកបានហក់លឿនជាងការរំពឹងទុកប្រមាណជា ១៤.៥ ភាគរយ នៅក្នុងត្រីមាសទី ២ បើទោះបីជាមានបញ្ហាលើអតិផរណា និងអត្រាប្រាក់កម្ចីកើនឡើងខ្ពស់ក៏ដោយ ។
បច្ចុប្បន្នក្រុមហ៊ុន Temasek គ្រប់គ្រងភាគហ៊ុន ២៨៨ ពាន់លានដុល្លារ ដែលផ្តោតលើការវិនិយោគរយៈពេលវែងលើផ្នែកឌីជីថល ជាពិសេសក្រុមហ៊ុនសិង្ហបុរីមួយនេះពឹងផ្អែកលើប្រាក់ចំណូលចេញពីវិស័យបច្ចេកវិទ្យា Megacap ។
សូមជម្រាបថា ក្រុមហ៊ុនសិង្ហបុរី Temasek ក៏កំពុងស្វែងរកការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតផងដែរទាំងនៅក្នុងទីផ្សារសាធារណៈ និងឯកជន ដោយសារក្រុមហ៊ុនភាគហ៊ុនឯកជនកាន់តែច្រើនព្យាយាមដកខ្លួនចេញពីទឹកដីនៃសហរដ្ឋអាមេរិក ៕
បកប្រែ ៖ ទីន