អ្នកណាដែលថាមិនស្គាល់តារាសម្ដែងបែបកំប្លុកកំប្លែងរបស់ហុងកុង “ទិនហ្វី” នោះ ។ ទោះបីជា បច្ចុប្បន្នតារាកំប្លែងដែលមានឈ្មោះពិតថា “Stephen Chow” លាឈប់ពីការងារសម្ដែងក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះបោះសំឡេងរបស់លោកនៅតែដក់ជាប់ក្នុងចិត្តទស្សនិកជនជានិច្ច ។
ថ្ងៃនេះ សារព័ត៌មាន Million Times នឹងបង្ហាញជូនពីទ្រព្យសម្បត្តិសរុបដែល ទិន ហ្វី រកបានពីអាជីពជាតារាសម្ដែង រហូតទទួលបានភាពល្បីល្បាញដល់បច្ចុប្បន្ន ៖
យោងតាមសារព័ត៌មានសិង្ហបុរី Today បានចុះផ្សាយថា តារាកំប្លែងវ័យ ៦២ ឆ្នាំ ដែលមិនទាន់ស្គាល់ជីវិតគូរូបនេះមានទ្រព្យសម្បត្តិសុទ្ធយ៉ាងហោចណាស់ ១៨៦ លានដុល្លារអាមេរិក ។ ភាគច្រើនទ្រព្យសម្បត្តិរបស់ ទិន ហ្វី កើតចេញពីការដឹកនាំរឿងតាំងតែពីឆ្នាំ ១៩៨២ មកម្ល៉េះ ។
យ៉ាងណា រហូតដល់ឆ្នាំ ១៩៨៨ ទើប ទិន ហ្វី ចេញមុខសម្ដែងជាលើកដំបូងក្នុងរឿង “កំពូលមេធាវីយុត្តិធម៌” ហើយសម្រាប់រឿងនេះ ទិន ហ្វី ក៏ទទួលបានពានរង្វាន់ Golden Horse Award ក្នុងនាមជាតារាសម្ដែងមានអ្នកគាំទ្រច្រើនបំផុត ។
ចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់ ទិន ហ្វី បានរីកសាយភាពកាន់តែខ្លាំងឡើងៗ រហូតដល់ឆ្នាំ ១៩៩៩ តារាសម្ដែងដែលនាំឲ្យពិភពភាពយន្តសើចបាត់ទុក្ខកង្វល់រូបនេះបានចេញរឿងថ្មីមានចំណងជើងថា “ស្ដេចកំប្លែង ទិន ហ្វី” ជាពិសេសការចេញរឿង “ក្រុមបាល់ទាត់ សៅ លិញ” ក្នុងឆ្នាំ ២០០១ ដែលរឿងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ។
សូមជម្រាបជូនថា បច្ចុប្បន្ន ទិន ហ្វី គ្រោងនឹងផលិតកម្មវិធីចម្រុះថ្មីមួយដែលមានឈ្មោះថា “The King of Comedy Season” សម្រាប់បង្ហោះនៅលើគេហទំព័រវីដេអូតានអនឡាញរបស់ចិនមានឈ្មោះថា iQiyi ៕
បកប្រែ ៖ ទីន