ទ្រព្យសម្បត្តិមហាសេដ្ឋីខាងហ្វេសសិនរបស់បារាំងលោក Bernard Arnault បានធ្លាក់ចុះយ៉ាងគំហុកដល់ ៩ ភាគរយ ស្មើនឹង ១៩.២ ពាន់លានដុល្លារ ដោយសារតែទីផ្សារលក់ផលិតផលរបស់ក្រុមហ៊ុន LVMH នៅក្នុងប្រទេសចិនកំពុងឡុងចុង ។
បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រោយការធ្លាក់ចុះនេះហើយ នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសុទ្ធត្រឹម ១៨៣.១ ពាន់លានដុល្លារប៉ុណ្ណោះ និងស្ថិតក្នុងលំដាប់ទី ៣ ជាអ្នកមានបំផុតនៅលើពិភពលោក ។
ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន LVHM បានធ្លាក់ចុះខ្លាំងមែនទែន ដោយសារតែតម្រូបការនៅក្នុងវិស័យទំនិញប្រណីតកាន់តែទាបទៅៗ ខណៈគ្រាន់តែក្នុងទីផ្សារនៅតំបន់អាស៊ី ក្រុមហ៊ុន LVHM បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដល់ទៅ ១០ ភាគរយ ។
ចំណែកកំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតផលដែលមានម៉ាកយីហោដ៏ប្រណីត និងធំជាងគេនៅលើពិភពលោកមានត្រឹម ១ ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ។ បច្ចុប្បន្នក្រុមហ៊ុន LVHM គ្រប់គ្រងម៉ាកសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧០ មុខ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moet Hennessy ។
សូមជម្រាបថា មហាសេដ្ឋីលំដាប់កំពូលនៅលើពិភពលោកគឺក្ដោបក្ដាប់ដោយលោក Elon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្ត Tesla មានទ្រព្យសម្បត្តិ ២៣៣.៨ ពាន់លានដុល្លារ ខណៈលំដាប់រងបានទៅលើថៅកែក្រុមហ៊ុន Amazon លោក Jeff Bezos មានទ្រព្យសម្បត្តិសរុបចំនួន ២០០ ពាន់លានដុល្លារ ៕
បកប្រែ ៖ ទីន