លោក វ៉ាង យី ជំរុញឱ្យអាស៊ានបន្តឹងដៃពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន

ថ្លែងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃសមាជិកប្រជាជាតិអាស៊ាន លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានជំរុញឱ្យអាស៊ានបន្តឹងដៃពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែខ្លាំងក្លាជាមួយប្រទេសចិន ។

នៅដើមដំបូងនៃកិច្ចប្រជុំក្នុងទីក្រុងវៀងចន្ទន៍ប្រទេសឡាវ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ជាយូរយារមកហើយទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចផ្សេងទៀតរវាងចិន និងប្លុកអាស៊ានគ្មានភាពរដាក់រដុបនោះទេ ។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមទៀតថា ប្រទេសចិននឹងបន្តធ្វើជាមហាអំណាចរឹងមាំសម្រាប់សេដ្ឋកិច្ចពិភពលោក ហើយលោក​សង្ឃឹម​ថា ​អាស៊ាន​ក៏នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិនគ្មានថ្ងៃងាករេផងដែរ ។

តាមដានជាមួយយើង៖ Million Times

សូមជម្រាបជូនថា ទំហំពាណិជ្ជកម្ម​​របស់​អាស៊ាន​ជាមួយនឹង​ប្រទេស​ចិន​បាន​កើន​ឡើង​ជាង​ទ្វេ​ដង ដល់ ៧២២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ ដែល​ស្មើ​នឹង​ជិត ១ ភាគ ៥ នៃទំហំ​ពាណិជ្ជកម្ម​សកល​របស់​អាស៊ាន ។

ទន្ទឹមនោះ លំហូរនៃការវិនិយោគរបស់ចិនចូលមកក្នុងអាស៊ានក្នុងឆ្នាំ ២០២២ ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយឈានដល់ ១៥.៤ ពាន់លានដុល្លារ ។ កំណើននេះបានគូសបញ្ជាក់ពីឥទ្ធិពលដ៏មហិមារបស់ចិនក្នុងតំបន់អាស៊ាន ៕

បកប្រែ ៖ ទីន