សហរដ្ឋអាមេរិកនៅតែបន្តជាបងធំផ្នែកសេដ្ឋកិច្ច បន្ទាប់ពីផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះបន្តកើនឡើង ២.៨ ភាគរយក្នុងត្រីមាសទី ២ ដោយសារតែកំណើនអាជីវកម្ម និងអ្នកប្រើប្រាស់ក្នុងស្រុកមានលំនឹង ។
ប្រសិនបើគិតទាំងឆ្នាំមុនៗទៀត នេះគឺជាការកើនឡើង ៨ ត្រីមាសជាប់ៗហើយសម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកមួយនេះ បើទោះបីជាមានសម្ពាធពីអត្រាការប្រាក់ហក់ឡើងខ្ពស់ជាបន្តបន្ទាប់ក៏ដោយ ។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយនាយកដ្ឋានពាណិជ្ជកម្មបានឲ្យដឹងថា តួលេខ ២.៨ ភាគរយនេះគឺជាកំណើនទ្វេរដង បើប្រៀបធៀបនឹងត្រីមាសដំបូងនៃឆ្នាំ ២០២៤ ដោយមានត្រឹម ១.៤ ភាគរយប៉ុណ្ណោះ ។
ទោះបីជាមានសន្ទុះកើនឡើងក្នុងត្រីមាសមុនក៏ដោយ ប៉ុន្តែសេដ្ឋវិទូព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងដាំក្បាលចុះវិញប្រមាណ ១.៩ ភាគរយនៅចុងឆ្នាំនេះ ដោយសារភាពមិនច្បាស់ការនៃគោលនយោបាយរបស់មេដឹកនាំថ្មី ។
ទន្ទឹមនោះ ការព្យាករណ៍ពីការធ្លាក់ចុះសេដ្ឋកិច្ចពីសំណាក់សេដ្ឋវិទូ ក៏ដោយសារតែបច្ចុប្បន្នអាមេរិកនៅតែស្ថិតក្នុងស្ថានភាពស្រពិចស្រពិលពីអត្រាប្រាក់កម្ចីខ្ពស់បំផុតមិនធ្លាប់ក្នុងរយៈពេលជាច្រើនទស្សវត្ស ដែលដាក់ចេញដោយធនាគាកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាខ្ពស់ ។
សូមជម្រាបថា អាមេរិកបានប៉ះរលាកបញ្ហាអតិផរណាកើនឡើងមិនធ្លាប់មានរហូតដល់ ៩ ភាគរយកាលពីឆ្នាំ ២០២២ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកលដែលកើតចេញពីរោគរាតត្បាតកូវីដ ១៩ និងភ្លើងសង្គ្រាមនៅអ៊ុយក្រែនជាដើម ៕
បកប្រែ ៖ ទីន