រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបន្ទន់ឥរិយាបថ បញ្ជូនអ្នកការទូតជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងប្រទេសឡាវនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រទេសរបស់ខ្លួនបាននិងកំពុងប្រឈមមុខការធ្លាក់ចុះសេដ្ឋកិច្ច ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ ។
បច្ចុប្បន្នរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ាលោក Aung Kyaw Moe កំពុងស្ថិតក្នុងទីក្រុងវៀងចន្ទន៍ ហើយត្រៀមនឹងជួបពិភាក្សាជាមួយអគ្គលេខាធិការអាស៊ានក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសដែលនឹងលើកយកបញ្ហាជម្លោះរ៉ាំរ៉ៃដែលកំពុងកើតមានក្នុងប្រទេសធ្វើជារបៀបវារៈ ។
ប្រភពបាននិយាយថា លោក Aung Kyaw Moe ក៏ទំនងជានឹងចូលរួមវេទិកាតំបន់អាស៊ានដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងមន្ត្រីជាន់ខ្ពស់មកពីមហាអំណាចក្នុងតំបន់ផ្សេងទៀតនាថ្ងៃសៅរ៍នេះផងដែរ ។
ទន្ទឹមនោះ ការបន្ទន់ឥរិយាបថរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅពេលនេះក៏ដោយសារតែប្រទេសកំពុងក្រពុលមុខខនឹងបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្ដាលមកពីទណ្ឌកម្មរបស់លោកខាងលិច និងការធ្លាក់ថ្លៃនៃរូបិយប័ណ្ណរបស់ខ្លួន ខណៈក្រុមអ្នកសង្កេតការណ៍មើលឃើញថា របបយោធាទំនងជាកំពុងស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយស្ថានការណ៍តាមរយៈការសន្ទនាជាមួយសហគមន៍អន្តរជាតិ ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ ២០២១ បានពហិការមិនចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ចាប់តាំងពីប្លុកដែលមានសមាជិកទាំង ១០ បានឯកភាពនៅពេលនោះថា រាល់កិច្ចប្រជុំពាក់ព័ន្ធទាំងអស់ អនុញ្ញាតឲ្យមានតែអ្នកតំណាងមិនមែនជាអ្នកនយោបាយមកពីប្រទេសនេះចូលរួមប៉ុណ្ណោះ ។
ចាប់តាំងពីឡើងកាន់អំណាចមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រើកម្លាំងបង្ក្រាបក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងព្រៃផ្សៃ ប៉ុន្តែការប្រយុទ្ធគ្នារវាងកម្លាំងយោធា និងសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចកាន់តែបែកផ្កាភ្លើង ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ខណៈរហូតមកដល់ពេលនេះ យោធាមីយ៉ាន់ម៉ាកំពុងតស៊ូដើម្បីរក្សាការគ្រប់គ្រងនៅតំបន់ភាគខាងកើតប្រទេស ក្រោយទីក្រុងសំខាន់ៗជាច្រើនបានធ្លាក់ក្នុងកណ្ដាប់សម្ព័ន្ធបងប្អូន ៣ នាក់រួចទៅហើយ ៕
បកប្រែ ៖ ទីន