សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអញ្ជើញនាំយកនូវកម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤កន្លងទៅនេះ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលប្រារព្វធ្វើឡើងនៅសាលកម្កល់សពថ្នាក់ជាតិ សម្តេចប្រធានព្រឹទ្ធសភាបានអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធសពលោក Nguyen Phu Trongជាលើកចុងក្រោយ។ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី ១ ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong បន្ទាប់ពីលោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរូបនេះ បានទទួលមរណភាពកាលពីថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។
បើតាមជីវប្រវត្តិសង្ខេមលោក Nguyen Phu Trong កើតនៅឆ្នាំ ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ លោកគឺជាសាស្ត្រាចារ្យ ម្នាក់ដែលទទួលបានសញ្ញាប័ត្រ បណ្ឌិតផ្នែកនយោបាយ។ លោកបានក្លាយជាសមាជិកបក្សកម្មុយនិស្ដវៀតណាម ដោយបម្រើការឲ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ ១៩៩៦ ហើយបានក្លាយជានិពន្ធនាយកទស្សនាវដ្ដីនេះក្នុងឆ្នាំ ១៩៩៧។
លោកបានក្លាយជាលេខារងនៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ នៅខែសីហា ឆ្នាំ ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ ១៩៩៨។ ពីខែកុម្ភៈ ឆ្នាំ ១៩៩៨ ដល់ខែមករា ឆ្នាំ ២០០០ លោក Nguyen Phu Trong ដែលមានជំនឿលើមនោគមន៍វិជា្ជ ម៉ាក-ឡេនីន (Marxism-Leninism) បានទទួលបន្ទុកលើកិច្ចការ មនោគមន៍វិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់គណបក្សកុម្មុយនិស្ដវៀតណាម។
ចាប់ពីខែមករា ឆ្នាំ ២០០០ ដល់ខែមិថុនា ឆ្នាំ ២០០៦ លោកបានបម្រើការជាលេខានៃគណៈកម្មាធិការ បក្សប្រចាំទីក្រុងហាណូយ។ នៅចន្លោះពីខែមីនា ឆ្នាំ ១៩៩៨ ដល់ខែសីហា ឆ្នាំ ២០០៦ លោកបានកាន់តំណែងជាអនុប្រធាន និងជាប្រធានក្រុមប្រឹក្សាទ្រឹស្ដី នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្ដវៀតណាម។
លោក Nguyen Phu Trong បានក្លាយជាប្រធានសភាវៀតណាមពីខែមិថុនា ឆ្នាំ ២០០៦ ដល់ខែកក្កដា ឆ្នាំ ២០១១ ហើយនៅចន្លោះពីខែមករា ឆ្នាំ ២០១១ ដល់ខែមករា ឆ្នាំ ២០១៦ ឯកឧត្តមបានក្លាយជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្ដវៀតណាម នីតិកាលទី ១១ និងជាលេខានៃគណៈកម្មការយោធាមជ្ឈិម។
ក្រោយមកលោក Nguyen Phu Trong បានធ្វើជាអគ្គលេខាធិការបក្សនីតិកាលទី ១២ និងលេខាគណៈកម្មការយោធាមជ្ឈិមពីខែមករា ឆ្នាំ ២០១៦ ដល់ខែតុលា ឆ្នាំ ២០១៨។ លោក Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខានៃគណៈកម្មការយោធាមជ្ឈិម នៅចន្លោះពីខែតុលា ឆ្នាំ ២០១៨ ដល់ខែមេសា ឆ្នាំ ២០២១។
ចាប់តាំងពីឆ្នាំ ២០២១ មកទល់នឹងលោកទទួលមរណភាពលោក Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សនីតិកាលទី ១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម។ លោក Nguyen Phu Trong ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី ៨ រហូតដល់ទី ១៣ របស់បក្សកម្មុយនិស្ដវៀតណាម ផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចតេជោ