ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់អាមេរិក Tesla បានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណេញសុទ្ធសម្រាប់ត្រីមាសទី ២ ជាប់ៗគ្នា ចំពេលមានការប្រកួតប្រជែងយ៉ាងតឹងដៃជាមួយចិន បូករួមនឹងការធ្លាក់ចុះនៃតម្រូវការរថយន្ត EV ស្រាប់ផង ។
Tesla បាននិយាយថា ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន ក្នុងអំឡុងខែមេសាដល់ខែមិថុនាបានធ្លាក់ចុះ ៤៥ ភាគរយ បើប្រៀបធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន មកត្រឹម ១.៤៧ ពាន់លានដុល្លារ ។
បច្ចុប្បន្នការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅទូទាំងពិភពលោកកាន់តែតិចទៅៗ ដោយសារតែតម្រូវការរថយន្ត EV ទាំងនៅអាមេរិក និងកន្លែងផ្សេងទៀតបានដាំក្បាលចុះក្រោម ក្រោយពេលដែលទីផ្សាររបស់ក្រុមហ៊ុនរថយន្តចិន BYD កំពុងត្រូវប៉ាន់ ។
បើទោះបីជា ការលក់រថយន្ត EV របស់ក្រុមហ៊ុនលោកមហាសេដ្ឋី Elon Musk ធ្លាក់ចុះយ៉ាងគំហុកក៏ពិតមែន ប៉ុន្តែប្រាក់ចំណូលពីការផលិតថាមពលរបស់ក្រុមហ៊ុនមានការកើនឡើង ២ ភាគរយ នាំឲ្យប្រាក់ចំណូលសរុបកើនឡើងដល់ ២៥.៥ ពាន់លានដុល្លារ ៕
បកប្រែ ៖ ទីន