ប្រធានទីភ្នាក់ងារសម្ងាត់អាម៉េរិក លោកស្រី Kimberly Cheatle បានលាលែងពីតំណែងក្រោយបរាជ័យការពារលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ដែលត្រូវរបួសត្រចៀក ក្នុងហេតុការណ៍បាញ់ប្រហារ នៅរដ្ឋ Pennsylvania ក្នុងថ្ងៃទី១៣ ខែកក្កដា។ បើតាមសារព័ត៌មាន BBC ដកស្រង់សម្តីពីសេតវិមាន។
លោកស្រី Kimberly Cheatle ដែលបានកាន់តំណែងជាប្រធានកងការពារសន្តិសុខប្រធានាធិបតី តាំងពីខែសីហាឆ្នាំ២០២២មក បានរងការអំពាវនាវឱ្យចុះចេញពីតំណែង។ លោកស្រី Cheatle បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា៖ «ខ្ញុំទទួលខុសត្រូវទាំងស្រុង ចំពោះការថ្លោះធ្លោយផ្នែកសន្តិសុខ។ ហើយលោកស្រីបានថ្លែងថា លោកស្រីបានធ្វើការសម្រេចចិត្តយ៉ាងពិបាកមួយ ដើម្បីចុះចេញពីតំណែងជាប្រធានកងការពារសន្តិសុខ»។
ការចុះចេញពីតំណែងរបស់លោកស្រី Cheatle កើតឡើងមួយថ្ងៃក្រោយពីលោកស្រី បានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាមួយ ហើយត្រូវបានសមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋរិះគន់យ៉ាងខ្លាំងអស់ពេលរាប់ម៉ោង ចំពោះបរាជ័យខាងផ្នែកសន្តិសុខ។
លោកស្រីបានហៅការប៉ុនប៉ងធ្វើឃាតលោក Trump ថាជា «ការបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងប្រតិបត្តិការ» ក្នុងរយៈពេលរាប់សិបឆ្នាំ ហើយបាននិយាយថា លោកស្រីទទួលខុសត្រូវទាំងស្រុង ចំពោះការថ្លោះធ្លោយផ្នែកសន្តិសុខនេះ ក៏ប៉ុន្តែលោកស្រីបានធ្វើឱ្យសមាជិកសភាខឹង ដោយមិនបានឆ្លើយសំណួរមួយចំនួនអំពីការស៊ើបអង្កេត៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ BBC