តំបន់អាស៊ីត្រូវការកញ្ចប់ទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារដើម្បីទប់លំនឹងទុនបម្រុងបរទេស ខណៈដែលធនាគារកណ្ដាលក៏ត្រូវបង្ខំចិត្តចូលខ្លួនទៅជួយគាំទ្រដល់រូបិយប័ណ្ណដែលកំពុងរងថ្មបាក់ ។
ជប៉ុន ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូង គឺជាប្រទេសនាំមុខគេទាំង ១២ ក្នុងការធ្លាក់ចុះទុនបម្រុងដល់ទៅ ៧.៥ ពាន់ពាន់លានដុល្លារនៅចុងខែមិថុនា ខណៈមានការកើនឡើង ២.២ ភាគរយប៉ុណ្ណោះ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ទិន្នន័យពីសមាគមទីផ្សារមូលបត្របានបង្ហាញថា លំហូរវិនិយោគិនបរទេសចូលទៅក្នុងមូលបត្របំណុលអាស៊ីបានធ្លាក់ចុះ ៣៤ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ នេះ បើប្រៀបធៀបនឹងឆ្នាំមុន ។
ទោះបីជាការធ្លាក់ចុះនៃទុនបម្រុងមិនប៉ះទង្គិចធ្ងន់ធ្ងរឈានដល់ការបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុ ឬបណ្តាលឱ្យប្រទេសនានាប្រឈមនឹងការទូទាត់ការនាំចូលរបស់ពួកគេ ដោយសារតែបំណុលខាងក្រៅក៏ដោយ ប៉ុន្តែអ្នកវិភាគកត់សម្គាល់ថា វានៅតែអាចប៉ះពាល់ដល់អារម្មណ៍វិនិយោគិន ហើយអាចនាំឱ្យមានការដកហ៊ុនចេញផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងនេះប្រហែលជាមិនប៉ះពាល់ខ្លាំងដល់ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃនោះទេ ដោយសារតែមានលំហូរនាំចេញច្រើន ។
សូមជម្រាបថា រូបិយប័ណ្ណអាស៊ីបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ នេះ ដោយសារភាពស្រពិចស្រពិលរបស់ធនាគារកណ្តាល ដោយបានជំរុញឱ្យប្រាក់ដុល្លារអាមេរិកចាប់ផ្ដើមមានហាងឆេងឡើងវិញ ៕
បកប្រែ ៖ ទីន