ប្រទេសចិនបានចាប់ផ្ដើមដាក់ចេញគោលនយោបាយទម្លាក់អត្រាការប្រាក់កម្ចីគោលរបស់ខ្លួននៅក្នុងទីផ្សារ ក្នុងគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងថ្មបាក់ ដោយសារតែវិបត្តិអចលនទ្រព្យ ។
ធនាគារប្រជាជនចិន (PBOC) បាននិយាយថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់កម្ចីគោលក្នុងរយៈពេល ៧ ថ្ងៃពី ១.៨ ភាគរយមកត្រឹម ១.៧ ភាគរយ ហើយនឹងធ្វើឱ្យយន្តការនៃប្រតិបត្តិការទីផ្សារបើកចំហកាន់តែប្រសើរឡើងផងដែរ ។
ស្របពេលជាមួយគ្នានេះ អត្រាប្រាក់កម្ចីរយៈពេលមួយឆ្នាំ (LPR) ក៏ត្រូវបានបន្ទាបផងដែរ ពី ៣.៤៥ ភាគរយមកត្រឹម ៣.៣៥ ភាគរយ ខណៈក្នុងរយៈពេល ៥ ឆ្នាំ LPR បានកាត់បន្ថយពី ៣.៩៥ ភាគរយធ្លាក់មកដល់ ៣.៨៥ ភាគរយ ។
ការកាត់បន្ថយនេះកើតមានឡើង បន្ទាប់ពីប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២ របស់ពិភពលោកមួយនេះបានរាយការណ៍ពីការរងហានិភ័យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទី ២ ។
បច្ចុប្បន្នចិនកំពុងប្រឈមនឹងវិបត្តិបរិត្តផរណា រូមជាមួយបញ្ហាអចលនទ្រព្យដែលនៅតែបន្តអូសបន្លាយ និងបញ្ហាបំណុលសាធារណៈកើនឡើងជាដើម ។ ទន្ទឹមនោះ ភាពតានតឹងផ្នែកពាណិជ្ជកម្មក៏កំពុងផ្ទុះឡើងផងដែរ ខណៈដែលមេដឹកនាំពិភពលោកកាន់តែមានការប្រុងប្រយ័ត្នខ្លាំងឡើងចំពោះការគ្រប់គ្រងការនាំចេញរបស់ប្រទេសចិន ៕
បកប្រែ ៖ ទីន