កាសែត New York Times បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទទួលយកគំនិតរបស់សមាជិកគណបក្សប្រជាធិបតេយ្យឱ្យដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ ។
ប្រភពជិតស្និទ្ធនឹងប្រធានាធិបតីបញ្ជាក់បន្ថែមទៀតថា លោក Biden បានយល់ព្រមឱ្យដាក់អនុប្រធានាធិបតីលោកស្រី Kamala Harris ជាបេក្ខជនតំណាងគណបក្សដើម្បីតតាំងជាមួយលោក Donald Trump បន្ទាប់ពីលោកហាក់ធ្លាក់ប្រជាប្រិយភាព ។
សមាជិកបក្សជាច្រើនមើលឃើញដូចៗគ្នាថា លោកប្រធានាធិបតីវ័យ ៨២ ឆ្នាំរូបនេះកាន់តែទ្រុឌទ្រោម និងមានការនឿយហត់ច្រើន ដូច្នេះលោកប្រហែលជាមិនអាចយកឈ្នះការបោះឆ្នោតលើលោក Trump បាននោះទេ ។
សារព័ត៌មាន Axios ក៏បានរាយការណ៍ផងដែរថា លោក Biden អាចនឹងដកខ្លួនចេញនៅចុងសប្តាហ៍នេះ ខណៈដែលទូរទស្សន៍ NBC បានចុះផ្សាយដោយស្រង់សម្ដីអតីតប្រធានាធិបតីលោក Barack Obama ថា “លោក Biden គួរតែពិចារណាឱ្យបានហ្មត់ចត់អំពីលទ្ធភាពនៃបេក្ខភាពរបស់លោក” ។
សូមជម្រាបថា ប្រជាប្រិយភាពរបស់លោក Biden ធ្លាក់ចុះអស់រយៈពេល ៣ សប្តាហ៍ទៅហើយ ចាប់តាំងពីការតតាំងគ្នាក្នុងការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍ជាមួយលោក Trump ។ ពេលនោះលោក Biden ហាក់បង្ហាញភាពចាញ់ច្រាបលើលោក Trump ដោយសារតែកត្តាអាតុ និងកាយសម្បទារបស់លោក ៕
បកប្រែ ៖ ទីន