ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីថានឹងមានការកើនឡើងបន្តិចវិញ ដោយសារតែសន្ទុះតម្រូវការក្នុងស្រុក រួមជាមួយកំណើននៃការនាំចេញ ។
ADB បាននិយាយថា សេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិករំពឹងនឹងមានកំណើន ៥.០ ភាគរយនៅឆ្នាំនេះ ពោលខ្ពស់ជាងការព្យាករកាលពីពេលមុនដែលមានត្រឹម ៤.៩ ភាគរយប៉ុណ្ណោះ ។
របាយការណ៍បានកត់សម្គាល់ថា សន្ទុះនៃតម្រូវការក្នុងស្រុក និងការនាំចេញ ជាពិសេសផលិតផលអេឡិចត្រូនិក បានក្លាយជាកម្លាំងចលករនៅពីក្រោយកំណើនយ៉ាងឆាប់រហ័សបែបនេះ ។ ទោះយ៉ាងណា ការព្យាករនេះគឺនៅទាបជាងតួលេខឆ្នាំ ២០២៣ នៅឡើយ ដែលមានកំណើនរហូតដល់ ៥.១ ភាគរយឯណោះ ។
ចំណែកសម្រាប់ឆ្នាំ ២០២៥ វិញ ADB នៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចអាស៊ីចំនួន ៤.៩ ភាគរយដដែល ដោយសារតែមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការវិវត្តរបស់ពិភពលោក រួមទាំងភាពមិនច្បាស់លាស់ទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗ ក៏ដូចជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាដើម ។
ស្របពេលជាមួយគ្នានេះ ADB រំពឹងថា អតិផរណាក្នុងតំបន់នឹងថយចុះមកត្រឹម ២.៩ ភាគរយនៅឆ្នាំ ២០២៤ នេះ ខណៈកាលពីឆ្នាំមុនមានរហូតដល់ ៣.៣ ភាគរយ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៥ នឹងកើនឡើង ៣.០ ភាគរយវិញ ៕
បកប្រែ ៖ ទីន