អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដាបានរងការប៉ុនប៉ងធ្វើឃាតពីសំណាក់ខ្មាន់កាំភ្លើង អំឡុងពេលដែលលោកទៅជួបជុំជាមួយអ្នកគាំទ្រក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅទីក្រុង Butler រដ្ឋ Pannsylvania ។
លោក Trump បានត្រូវគ្រាប់ចំស្លឹកត្រចៀកខាងស្ដាំ និងរងរបួសស្រាលប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks អាយុ ២០ ឆ្នាំ ប្រើកាំភ្លើង AR-style បាញ់ពីចម្ងាយ ១២០ ទៅ ១៥០ ម៉ែត្រពីវេទិកាថ្លែងរបស់អតីតប្រធានាធិបតីទី ៤៥ រូបនេះ ។
ទោះយ៉ាងណា ខ្មាន់កាំភ្លើងក៏ត្រូវបានបាញ់សម្លាប់ដោយកងអង្គរក្សភ្លាមៗនៅនឹងកន្លែងផងដែរ ។
ករណីរបស់លោក Trump ដែលជាដៃគូប្រជែងដ៏ស្វិតស្វាញរបស់លោកប្រធានាធិបតីអាមេរិក Joe Biden សម្រាប់ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ ក៏មិនខុសពីហេតុការណ៍ដែលកើតឡើងលើលោក Lee Jae Myung ដែលក៏ជាមេបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងផងដែរ ។
កាលពីដើមខែមករាលោក Lee ដែលជាមេដឹកនាំបក្សប្រឆាំងនៅក្នុងប្រទេសប្រជាធិបតេយ្យប្រចាំនៅអាស៊ីត្រូវបានជនដៃដល់បន្លំខ្លួនធ្វើជាអ្នកគាំទ្រប្រើកាំបិតហក់ទៅចាក់ ក របស់លោក បណ្ដាលឲ្យរងរបួសធ្ងន់ អំឡុងពេលលោកចុះទៅពិនិត្យមើលការដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Busan ។
សូមជម្រាបថា ករណីប៉ុនប៉ងធ្វើឃាតលើមេបក្សប្រឆាំងទាំងនៅអាមេរិក និងកូរ៉េខាងត្បូងសុទ្ធសឹងតែជារឿងរ៉ាវដ៏កម្រកើតមានឡើងខ្លាំងមែន ដោយសារតែប្រទេសប្រជាធិបតេយ្យទាំងនេះមានការការពារមិនធ្វេសប្រហែសឡើយលើមន្ត្រីកំពូលៗរបស់ខ្លួន ៕
បកប្រែ ៖ ទីន