លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានបញ្ជាក់ថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងមានទំនាក់ទងជាប្រវត្តិសាស្ត។ ការបញ្ជាក់នេះ ស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម នាថ្ងៃទី ១២ ខែកក្កដានេះ។
ក្នុងជំនួបនេះប្រធានរដ្ឋវៀតណាម បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿន និងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកមានជំនឿថា កម្ពុជានឹងអាចសម្រេចបានគោលដៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោក តូ ឡឹម បានបន្ថែមថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងមានទំនាក់ទងជាប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា ហើយប្រទេសវៀតណាមប្រកាន់គោលនយោបាយមិនងាករេ ចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។
លោកប្រធានរដ្ឋវៀតណាម ក៏បានលើកឡើងពីសារៈសំខាន់នៃយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនបន្ថែមទៀត។
ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើង របស់លោកប្រធានរដ្ឋវៀតណាម ស្តីពីទំនាក់ទងនៃប្រទេសទាំងពីរ និងបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ប្រទេសវៀតណាម នឹងសម្រេចគោលដៅឧស្សាហូបនីយកម្ម និងទំនើបកម្មនៅឆ្នាំ ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។
ម្យ៉ាងទៀត វៀតណាម នឹងឈានដល់ក្រុមប្រទេស G20 ជាប្រទេសរីកចម្រើន និងអភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាងដូចកម្ពុជា និងឡាវជាដើម។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សភាពការណ៍ពិភពលោក មានការប្រែប្រួល និងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង ៣ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចតេជោ