កាលពីឆ្នាំមុន មហាសេដ្ឋីនៅប្រទេសសិង្ហបុរីបានកើន ០.៤ ភាគរយ មានចំនួនសរុប ៣៣៣,២០៤ នាក់ ។ នេះបើយោងតាមរបាយការណ៍ពី Global Wealth Report និងចងក្រងដោយធនាគារស្វីស UBS ។
សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ២២ ជាប្រទេសមានមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោក បូកសរុបចូលគ្នាមានទ្រព្យសម្បត្តិ ១.២ ពាន់ពាន់លានដុល្លារ ហើយរំពឹងនឹងកើនឡើង ១៣ ភាគរយ ឈានដល់ ៣៧៣,៧២៥ នាក់ក្នុងឆ្នាំ ២០២៨ ។
បច្ចុប្បន្នសិង្ហបុរីមានមហាសេដ្ឋីចំនួន ៦.៦ ភាគរយនៃប្រជាជនសរុបរបស់ខ្លួន ។ បើនិយាយពីទ្រព្យសម្បត្តិសម្រាប់មនុស្សពេញវ័យវិញ ប្រទេសខ្លាសេដ្ឋកិច្ចរបស់អាស៊ានមួយនេះជាប់ចំណាត់ថ្នាក់លេខ ៨ នៅទូទាំងពិភពលោក មានទ្រព្យសរុប ៣៩៧,៧០០ ដុល្លារ ។
ចំណែកប្រទេសដែលមានមហាសេដ្ឋីលំដាប់កំពូលតារាងនៅលើពិភពលោកគឺសហរដ្ឋអាមេរិក ។ យោងតាមការសិក្សាបានឲ្យដឹងថា អាមេរិកមានមហាសេដ្ឋី ២១.៩៥ លាននាក់កាលពីឆ្នាំមុន តាមកន្ទុយពីក្រោយដោយចិនដីគោក ចក្រភពអង់គ្លេស និងបារាំង ។
សម្រាប់នៅអាស៊ីទាំងមូលវិញ ក្រៅពីចិន ប្រទេសផ្សេងទៀតក៏មានមហាសេដ្ឋីលំដាប់ៗផងដែរ ក្នុងនោះជប៉ុនមានមហាសេដ្ឋី ២.៨៣ លាននាក់ ឥណ្ឌាមាន ៨៦៨,៧០០ នាក់ និងហុងកុងមាន ៦២៩,២០០ នាក់ ៕
បកប្រែ ៖ ទីន