លោក To Lam ដែលទើបឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាមជិត ២ ខែមកនេះ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីរឹតចំណងទ្វេភាគីបន្ថែមទៀត ។
លោក To Lam កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៧ នៅខេត្ត Hung Yen បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាស្ត្រ និងសញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយនៅឆ្នាំ ១៩៨១ ។ ក្រោយមកលោកបានក្លាយជាសមាជិកបក្សកុម្មុយនិស្តវៀតណាមនៅខែសីហា ឆ្នាំដដែលនោះ ។
រហូតដល់ឆ្នាំ ២០១១ លោក To Lam បានក្លាយជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាសមាជិកការិយាល័យនយោបាយរបស់បក្ស ចាប់តាំងពីឆ្នាំ ២០១៦ មក ។
ទន្ទឹមនោះ មុនពេលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានសម្រេចជ្រើសរើសឲ្យឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ, លោក To Lam ដែលមានវ័យ ៦៧ ឆ្នាំគឺជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ ខណៈនៅឆ្នាំ ២០១៩ លោកត្រូវបានតែងតាំងជាប្រធាននាយករដ្ឋសន្តិសុខទី១ ដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ។
ក្រោយមកទៀត ពោលនៅខែសីហា ឆ្នាំ ២០១០ លោក To Lam បានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ និងឡើងកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅខែមេសា ឆ្នាំ ២០១៦ ខណៈលោកក៏ជាអនុប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំលើការប្រឆាំងអំពើពុករលួយផងដែរ ។
សូមជម្រាបថា លោក To Lam គឺជាប្រធានាធិបតីទី ១៣ របស់វៀតណាម និងជាប្រធានាធិបតីទី ៣ ហើយដែលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តជ្រើសរើសបានត្រឹមតែរយៈពេល ១ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការលាលែងរបស់លោក Vo Van Thuong កាលពីខែមីនា និងលោក Nguyen Xuan Phuc ដែលក៏បានលាលែងពីតំណែងដូចគ្នាកាលពីឆ្នាំមុន ដោយសារតែយុទ្ធនាការបង្ក្រាបអំពើពុករលួយ ៕
បកប្រែ ៖ ទីន