នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ការច្បាំងគ្នាលើសមរភូមិមិនមែនជាដំណោះស្រាយបញ្ចប់ជម្លោះនោះទេ មានតែការចរចារកសន្តិភាពប៉ុណ្ណោះគឺជាទឹកត្រជាក់ពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន” ។
លោក Modi បាននិយាយជាភាសាហិណ្ឌូ ក្នុងអំឡុងសុន្ទរកថានៃជំនួបថ្ងៃចុងក្រោយជាមួយលោក Putin ថា “ក្នុងនាមជាមិត្តបរទេសម្នាក់ ខ្ញុំតែងតែនិយាយពីអនាគតដ៏ភ្លឺស្វាងនៃមនុស្សជំនាន់ក្រោយរបស់យើង ហើយនោះគឺជាសន្តិភាព ។ ខ្ញុំដឹងថា ការទម្លាក់គ្រាប់បែក ការបាញ់ផ្លោងកាំភ្លើងធំលើសមរភូមិ មិនមែនជាដំណោះស្រាយដ៏ជោគជ័យនោះទេ ដូច្នេះយើងត្រូវដើរតាមគន្លងសន្ដិភាពតាមរយៈការចរចា” ។
ជាការឆ្លើយតបលោក Putin បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីឥណ្ឌាសម្រាប់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅអ៊ុយក្រែនដោយសន្តិវិធី ។ លោក Putin បានលើកឡើងថា “ខ្ញុំសូមកោតសរសើរចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហាក្ដៅៗទាំងអស់ រួមទាំងការឈ្មុសឈ្មុលរបស់អ្នកក្នុងការស្វែងរកផ្លូវមួយចំនួនឆ្ពោះទៅរកការដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈមធ្យោបាយសន្តិភាព” ។
សូមជម្រាបថា នេះជាដំណើរទស្សនកិច្ចលើកដំបូងហើយរបស់លោក Modi ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្តយូរអង្វែង និងជាអ្នកផ្គត់ផ្គង់សព្វាវុធរបស់ទីក្រុងញូវដេលី បានបើកការវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ និងបន្ទាប់ពីលោកឈ្នះឆ្នោតអាណត្តិទី ៣ ជានាយករដ្ឋមន្ត្រីឥណ្ឌាកាលពីខែមុន ។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក Modi ទៅកាន់ប្រទេសរុស្ស៊ីនេះទៀតសោត សហរដ្ឋអាមេរិក និងលោកខាងលិចកំពុងតាមដានមិនដាក់ភ្នែកនោះទេ ខណៈអង្គការណាតូក៏បានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរយៈពេល ៣ ថ្ងៃនៅទីក្រុងវ៉ាស៊ីនតោនផងដែរស្ដីពីសន្តិភាពនៅអ៊ុយក្រែន ៕
បកប្រែ ៖ ទីន