នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអញ្ជើញជួបពិភាក្សាជាមួយលោក Vladimir Putin ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃនៅប្រទេសរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនងជាមួយមិត្តភ័ក្រ្តបរទេសដ៏យូរអង្វែងមួយនេះ ខណៈក៏មានការតាមដានមិនដាក់ភ្នែកផងដែរពីសំណាក់បងធំអាមេរិក ។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Modi ចាប់តាំងពីទាហានរុស្ស៊ីចូលលុកលុយអ៊ុយក្រែន ខណៈឥណ្ឌាប្តេជ្ញាជារឿយៗក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ទោះបីមានសម្ពាធពីប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តក៏ដោយ ។
មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាលើបញ្ហាមួយចំនួនដូចជា សេដ្ឋកិច្ច ថាមពល និងសន្តិសុខ ក៏ដូចជាដំណោះស្រាយលើភ្លើងសង្គ្រាមនៅអ៊ុយក្រែន ខណៈទីក្រុងវ៉ាស៊ីតោនជំរុញឲ្យលោកនាយករដ្ឋមន្ត្រីឥណ្ឌាព្យាយាមប្រាប់ដំណោះស្រាយបញ្ចប់សង្គ្រាមទៅកាន់លោក Putin ។
ទោះយ៉ាងណា គោលបំណងនេះហាក់នៅឆ្ងាយពីចិត្តគំនិតរបស់លោក Modi ដែលភាគច្រើនលោកផ្ដោតសំខាន់លើសេដ្ឋកិច្ចពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌាបានកើនឡើងដល់ប្រមាណ ៦៥ ពាន់លានដុល្លារ ។
ភាគច្រើននៃកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មកើតចេញពីការលក់ប្រេងរបស់រុស្ស៊ី បើទោះបីជាស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចក៏ដោយ ។ មន្ត្រីឥណ្ឌានិយាយថា លោក Modi ចង់កែកុនអតុល្យភាពនាពេលកន្លងមក ហើយបង្កើនការនាំចេញពាណិជ្ជកម្មជាមួយរុស្ស៊ី ។
សូមជម្រាបថា ក្រៅពីការលក់ប្រេង រុស្ស៊ីក៏ជាប្រទេសផ្គត់ផ្គង់សម្ភារៈយោធាដ៏ធំបំផុតរបស់ឥណ្ឌាផងដែរ ជាមួយនឹងទំនាក់ទំនងដ៏រឹងមាំ មានតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ ។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះនៅអ៊ុយក្រែនបានធ្វើឱ្យទំនាក់ទំនងកាន់តែស្មុគស្មាញ និងបានរុញច្រានរុស្ស៊ីឱ្យកាន់តែខិតទៅជិតគូប្រជែងរបស់ឥណ្ឌាគឺចិន ៕
បកប្រែ ៖ ទីន