វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដទៃទៀតដែលមានប្រជាជននិយមប្រើប្រាស់បន្ទះសូឡាទាញថាមពលពីពន្លឺព្រះអាទិត្យក្នុងចំនួនដ៏ច្រើនគួរសម ដោយសារតែឧបករណ៍មួយនេះជួយសន្សំសំចៃថ្លៃចំណាយលើអគ្គិសនី ។
នៅក្នុងប្រទេសវៀតណាមមានបន្ទះសូឡាដាក់លើដំបូលផ្ទះជាង ១០៣,០០០ បន្ទះដែលមានកម្លាំងសរុប ៩,៥០០ មេហ្គាវ៉ាត់ ហើយគ្រោងនឹងដំឡើងដល់ប្រហែល ១២,០០០ មេហ្គាវ៉ាត់នៅឆ្នាំ ២០៣០ ។
ប្រជាជនវៀតណាមច្រើនឡើងៗសម្រុកទិញបន្ទះសូឡាយកទៅប្រើប្រាស់ ស្របពេលតម្លៃអគ្គិសនីក្នុងប្រទេសក៏ស្ថិតក្នុងកម្រិតមួយដែលខ្ពស់ជាងការរំពឹងទុក ដោយសារតែវៀតណាមក៏ជាប្រទេសទិញថាមពលអគ្គិសនីពីឡាវផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលវៀតណាមក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់បន្ទះសូឡាផងដែរ តាមរយៈការអនុញ្ញាតឱ្យឯកជនលក់ដោយផ្ទាល់ទៅកាន់ពលរដ្ឋដោយមិនចាំបាច់ឆ្លងអគ្គិសនីជាតិវៀតណាម (EVN) នោះឡើយ ។
យ៉ាងណាក៏ដោយ អគ្គិសនីជាតិវៀតណាមក៏បានចេញការព្រមានផងដែរថា ប្រជាពលរដ្ឋត្រូវតែទិញបន្ទះសូឡារបស់ក្រុមហ៊ុនផ្គត់ផ្គង់ ឬលក់ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ចៀសវាងការចាញ់បោកអ្នកលក់ ហើយប្រើបានក្នុងរយៈពេលខ្លី ៕
បកប្រែ ៖ ទីន