ទីផ្សារលក់ផ្ទះមួយទឹកនៅក្នុងទីក្រុងធំៗរបស់ប្រទេសចិនកំពុងបង្ហាញសញ្ហាត្រូវប៉ាន់ឡើងវិញក្នុងរយៈពេល ១៤ ខែ បន្ទាប់ពីវិធានការគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ។ ប៉ុន្តែទីផ្សារលក់ផ្ទះថ្មីនៅតែទន់ដៃ ដោយសារតែអ្នកទិញហាក់អស់ទំនុកចិត្ត ព្រោះក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើនកំពុងជាប់បំណុល ។
នៅខែមិថុនា ទីផ្សារផ្ទះមួយទឹកនៅក្នុងទីក្រុងចំនួន ១៤ របស់ចិនលក់ដាច់បាន ១១៩,៤៧០ យូនីត ហក់ឡើង ១១.២ ភាគរយក្នុងរយៈពេលមួយខែ និង ២៧.៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ហើយនេះជាចំនួនខ្ពស់បំផុត ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ ។
ទីក្រុងដែលត្រូវប៉ាន់ខ្លាំងជាងគេក្នុងការលក់ដាច់លំនៅដ្ឋានមួយទឹកនៅចិនសម្រាប់ខែមិថុនារួមមាន ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុង Shenzhen ខណៈទីក្រុងខ្លះលក់ដាច់ដល់ជិត ៥០ ភាគរយឯណោះ ។
ទីផ្សារត្រូវប៉ាន់នេះកើតឡើង ៦ សប្ដាហ៍ បន្ទាប់ពីប្រទេសចិនបានប្រកាសផែនការសង្គ្រោះជាប្រវត្តិសាស្ត្រលើវិស័យអចលនទ្រព្យដែលកំពុងតែហៅលែងឮ រួមទាំងការផ្ដល់ជំនួយដល់ ៣០០ ពាន់លានយ័ន (៤១.៣ ពាន់លានដុល្លារ) ដើម្បីជួយរដ្ឋាភិបាលក្នុងតំបន់ ទិញផ្ទះដែលមិនទាន់លក់ដាច់ពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានបញ្ហាបំណុល ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពី China Index Academy បានបង្ហាញថា បរិមាណនៃការលក់ផ្ទះថ្មីនៅក្នុងទីក្រុងចំនួន ១០០ សម្រាប់ឆមាសទី ១ នៃឆ្នាំនេះបានធ្លាក់ចុះ ៤០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ៕
បកប្រែ ៖ ទីន