លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ដែលគេដាក់រហ័សនាមឲ្យថា ជា «អ្នកចម្បាំងចចក» នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នាយប់ថ្ងៃសុក្រសប្ដាហ៍នេះ។ គិតត្រឹមឆ្នាំ ២០២៤នេះ លោក Wang Wentian មានអាយុ ៥៣ឆ្នាំ ហើយលោកបានបំពេញការងារ ជាអ្នកការទូតអស់រយៈពេលជាង ៣០ឆ្នាំ។
ប្រភពព័ត៌មានពីក្រសួងព័ត៌មាន បានឲ្យដឹងថា លោក Wang Wenbin នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ ដោយលោកនឹងថ្លែងសុន្ទរកថាខ្លីមួយទៅកាន់អ្នកសារព័ត៌មាន នៅបន្ទប់ VIP របស់ព្រលានយន្តហោះ។ ប៉ុន្តែលោកទូតដែលខ្លាំងខាងនយោបាយការបរទេស និងពូកែវោហារសាស្រ្ដរូបនេះ មិនមានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានឡឡើយ។
គួរឲ្យដឹងថា លោក Wang Wenbin គឺជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានរដ្ឋាភិបាលចិនសម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ជំនួសលោក Wang Wentian ដែលចប់អាណត្តិ។ ការតែងតាំងលោក Wang Wenbin ជាទូតថ្មីនៅកម្ពុជា ពីព្រោះតែលោកស្គាល់ និងយល់ច្បាស់ពីកិច្ចការទំនាក់ទំនងកម្ពុជា-ចិន និងផ្អែកលើនិន្នាការភូមិសាស្ត្រនយោបាយក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ធ្លាប់បានប្រាប់អ្នកកាសែតថា រដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងសហការ និងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Wang Wenbin ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការពេជ្ររវាងប្រទេសទាំងពីរ។
ចំណែកអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនានានៅកម្ពុជា ក៏បានប្រកាសស្វាគមន៍ចំពោះវត្តមានលោក លោក Wang Wenbin ដែលក្លាយជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា។ អ្នកជំនាញទាំងនោះ មើលឃើញថា អតីតអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ជាមនុស្សដែលមានបទពិសោធន៍ផ្នែកការទូតដ៏ខ្លាំងម្នាក់ ហើយសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរមួយកម្រិតទៀត៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម