សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងរត់នៅលើផ្លូវឆ្ពោះទៅរកការស្ទុះងើបឡើងវិញជាលំដាប់នៅក្នុងឆមាសទី ២ ដោយសារវិធានការជំរុញគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងជំរុញកំណើនថ្មី ។ នេះបើយោងតាមការលើកឡើងរបស់សេដ្ឋវិទូចិន ។
ការលើកឡើងរបស់សេដ្ឋវិទូរូបនេះកើតមានឡើង បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចចម្រុះបានកើនពី ៥១.៧ ក្នុងខែឧសភាឡើងដល់ ៥១.៨ សម្រាប់ខែមិថុនា ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែឧសភា ឆ្នាំ ២០២១ មក ។
យោងតាមការិយាល័យស្ថិតិជាតិបានឱ្យដឹងថា សន្ទស្សន៍លើវិស័យផលិតកម្មឈរនៅលំដាប់ ៤៩.៥ នៅក្នុងខែមិថុនា កើនឡើងតិចតួចពីខែឧសភា ខណៈវិស័យសេវាកម្មស្ថិតនៅ ៥០.៥ ក្នុងខែមិថុនា ចំពេលមានការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ។
បើទោះជាយ៉ាងនេះក្ដី បច្ចុប្បន្នគ្រឹះសម្រាប់ស្ថិរភាពសេដ្ឋកិច្ចចិនមិនទាន់រឹងមាំនៅឡើយទេ ចំពេលដែលខ្វះខាតតម្រូវការក្នុងស្រុក បូករួមនឹងវិបត្តិលើវិស័យអចលនទ្រព្យ ។ ប៉ុន្តែរដ្ឋាភិបាលរំពឹងថានឹងមានការកើនឡើងនៃការគាំទ្ររូបិយវត្ថុ និងសារពើពន្ធ រួមទាំងការកាត់បន្ថយបន្ថែមទៀតចំពោះទុនបម្រុងកាតព្វកិច្ច និងអត្រាការប្រាក់ជាដើម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញលើកឡើងថា ដើម្បីបន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ច ចំពេលអតិផរណាទាប, ធនាគារជាតិចិនគួរតែខ្ចីមូលបត្របំណុលពីឈ្មួញកណ្ដាល ដើម្បីឱ្យតម្លៃប្រើប្រាស់ធ្លាក់ចុះ និងបង្កើនទិន្នផលលើវិស័យផ្សេងៗ ៕