វៀតណាម និងថៃសុទ្ធសឹងតែជាប្រទេសនាំចេញអង្ករលំដាប់កំពូលនៅក្នុងតំបន់អាស៊ាន ប៉ុន្តែក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ នេះ វៀតណាមបានបាក់មុខចាញ់ថៃក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេស ។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤.៦៩ លានតោនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ និងកើបប្រាក់ចំណូលបានចំនួន ២.៩៨ ពាន់លានដុល្លារ ។
តួលេខនេះតំណាងឱ្យការកើនឡើង ១០.៤ ភាគរយសម្រាប់បរិមាណ ខណៈតម្លៃមានសន្ទុះឡើងដល់ ៣២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ចំណែកប្រទេសថៃបាននាំចេញអង្ករចំនួន ៥ លានតោនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ប៉ុន្តែការនាំចេញនៅត្រីមាសទី ២ នេះបង្ហាញសញ្ញានៃការថមថយទៅវិញ បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារតែមានតម្លៃខ្ពស់ជាងដៃគូប្រកួតប្រជែងដូចជា វៀតណាម ឥណ្ឌា និងប៉ាគីស្ថាន ។
ប៉ុន្តែការនាំចេញអង្កររបស់ថៃមានសន្ទុះខ្លាំងក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ។ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា អង្ករចំនួន ៤.០៥ លានតោនត្រូវបាននាំចេញ និងមានតម្លៃ ៩៤ ពាន់លានបាត ខណៈបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ មានការនាំចេញត្រឹម ៣.៤៨ លានតោនប៉ុណ្ណោះ ។
នាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមាគមអ្នកនាំចេញអង្ករថៃរំពឹងថា ការនាំចេញអង្ករថៃសម្រាប់ឆ្នាំ ២០២៤ នេះនឹងលើសពីគោលដៅនាំចេញប្រចាំឆ្នាំរបស់ខ្លួនចំនួន ៧.៥ លានតោន ហើយអាចឈានដល់ ៨ លានតោនឯណោះ ៕
បកប្រែ ៖ ទីន