រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានផ្សព្វផ្សាយនៅថ្ងៃទី ១ ខែកក្កដានេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ហើយមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤។
ប្រភពដដែល បានឲ្យដឹងបន្តថា អំឡុងទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា។
បើតាមក្រសួងការបរទេសកម្ពុជា ទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងរក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ជាញឹកញាប់ និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការបរទេស