នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានប្រាប់លោកប្រធានាធិបតីចិន Xi Jinping ក្នុងជំនួបនៅទីក្រុងប៉េកាំងថា ប្រទេសទាំងពីរគួរតែក្លាយជាដៃគូក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗប្រកបដោយនិរន្តរភាព ។
លោក Pham Minh Chinh បញ្ជាក់ថា ប្រទេសទាំងពីរគួរតែបង្កើនការតភ្ជាប់ផ្លូវដឹកជញ្ជូនតាមរយៈផ្លូវដែក ផ្លូវថ្នល់ និងច្រកព្រំដែនក្រោមក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើឱ្យចិនជួយសម្រួល និងបើកផ្លូវដល់ការនាំចេញផលិតផលសំខាន់ៗរបស់វៀតណាមដូចជា ទុរេនក្លាស្សេ ដូងស្រស់ និងអង្ករ ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមក្នុងការដឹកជញ្ជូនឆ្លងកាត់ចិនទៅកាន់អាស៊ីកណ្តាល និងអឺរ៉ុប ។
ចំណែកលោក Xi Jinping វិញបានលើកឡើងថា ចិនវាយតម្លៃខ្ពស់ និងផ្តល់អាទិភាពដល់ទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយវៀតណាមជាផ្នែកមួយនៃគោលនយោបាយការទូតជាអ្នកជិតខាង ។
លោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ រក្សាការផ្លាស់ប្តូរគ្នាកម្រិតខ្ពស់ជាប្រចាំ ជំរុញការផ្លាស់ប្តូរតាមរយៈបណ្តាញបក្ស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសំខាន់ៗដូចជា ក្រសួងកិច្ចការបរទេស ការពារជាតិ និងសន្តិសុខសាធារណៈ ។
ចំណែកបញ្ហាផ្សេងទៀតដែលប្រទេសទាំងពីរគួរតែសហការគ្នាយ៉ាងស្អិតរមួតនោះគឺការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ធនាគារ អប់រំ និងការថែទាំសុខភាពជាដើម ៕
បកប្រែ ៖ ទីន